[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងវិនិយោគនៅទឹកប្រាក់ប្រមាណ ១,៤៥ ពាន់លានដុល្លារ ដើម្បីធ្វើឱ្យប្រសើរឡើងនៅរោងចក្រផលិតរបស់ខ្លួននៅប្រទេសម៉ិកស៊ិកកូ ដើម្បីត្រៀមផលិតរថយន្តភីកអាប់ Tacoma ទាំងម៉ាស៊ីនចំហេះក្នុង និងកូនកាត់ Hybrid ។
យោងតាម Toyota ការវិនិយោគនេះនឹងបង្កើតការងារថ្មីចំនួន ១ ៦០០ នៅទូទាំងរោងចក្រចំនួន ២ ក្នុងប្រទេសនេះ ។ តាមរយៈការធ្វើទំនើបកម្មគ្រឿងបរិក្ខារ Toyota នឹងអាចបញ្ចូលបច្ចេកវិទ្យាផលិតកម្មប្រកបដោយនិរន្តរភាពជាងមុន កាត់បន្ថយការបំភាយឧស្ម័ន CO2 និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធាន។
គួរឲ្យដឹងថា រោងចក្រទី ១ របស់ Toyota នៅប្រទេសម៉ិកស៊ិកកូ បានដំណើរការតាំងពីឆ្នាំ ២០០៤ ខណៈរោងចក្រទី ចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៩។ លើសពីនេះ រថយន្តដែលផលិតនៅប្រទេសម៉ិកស៊ិកក៏ត្រូវបានលក់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។
ជាមួយគ្នានេះ លោក Luis Lozano ប្រធានក្រុមហ៊ុន Toyota ប្រចាំនៅប្រទេសម៉ិកស៊ិកកូបាននិយាយថា នៅឯក្រុមហ៊ុន Toyota យើងជឿជាក់លើប្រទេសម៉ិកស៊ិក និងនៅក្នុងសារៈសំខាន់នៃការវិនិយោគសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន និងសង្គមរបស់ប្រទេស។ ជាមួយនឹងសេចក្តីប្រកាសនេះ ក្រុមហ៊ុន Toyota បានសម្រេចការវិនិយោគជាង ៣ ពាន់លានដុល្លារនៅក្នុងប្រទេសម៉ិកស៊ិក ដែលជាប្រទេសចាំបាច់សម្រាប់ការប្រកួតប្រជែងក្នុងតំបន់នៃអាមេរិកខាងជើង ៕