ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តថ្មី ដែលនឹងចូលរួមក្នុងកម្មវិធីប្រកួត 2022 NHRA Funny Car Racing Season ដោយហៅថា Toyota GR Supra Funny Car។
រថយន្តនេះបានបំពាក់កាងថ្មី ដែលបំផុតគំនិតតាមម៉ូដែល GR Supra ឆ្នាំ២០២២ ហើយវានឹងចូលរួមប្រណាំងជាលើកដំបូង នៅក្នុងកម្មវិធីខាងលើ ដែលនឹងត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Pomona, រដ្ឋ California សហរដ្ឋអាមេរិក នាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។
លោក Paul Doleshal អ្នកគ្រប់គ្រងក្រុម Motorsports នៅ Toyota Motor North America បាននិយាយថា “បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការដាក់ Camry ក្នុងការប្រកួត NHRA Funny Car វាពិតជាគួរឱ្យរំភើបណាស់សម្រាប់ពួកយើងក្នុងការផ្លាស់ទៅ GR Supra សម្រាប់ Funny Cars ជំនាន់ក្រោយនៅក្នុងកម្មវិធី NHRA”។
លោក Paul បានបន្ថែមទៀតថា “ក្រុមរបស់យើងនៅ TRD (Toyota Racing Development) រួមជាមួយនឹងក្រុមរចនានៅ Calty បានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការបញ្ចូលលក្ខណៈពិសេសជាច្រើនពី GR Supra ទៅក្នុងរថយន្ត Funny Car ដែលលោក J.R. Todd និង Alexis DeJoria នឹងបើកបរនៅឆ្នាំ ២០២២ ខាងមុខ”។
បទប្បញ្ញត្តិ Funny Car ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយរថយន្តត្រូវបានអនុញ្ញាតឱ្យដំណើរការតែម៉ាស៊ីន V8 ជាមួយនឹងចំណុះ ៨,២លីត្រប៉ុណ្ណោះ៕