ក្រុមហ៊ុនសេវាកម្មរថយន្តដ៏ធំ Lyft កំពុងតែលក់ ក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរបស់ខ្លួន ឲ្យទៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ក្នុងតម្លៃ ៥៥០ លានដុល្លារ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ឈ្មោះ Woven Plant Holdings នឹងទិញយក ក្រុមហ៊ុនផ្នែកបើកបរដោយស្វ័យប្រវត្តិ កម្រិត៥ របស់ Lyft គិតជាសាច់ប្រាក់ គឺ ៥៥០លានដុល្លារ។ ក្នុងចំណោមនោះ ២០០លានដុល្លារ នឹងត្រូវផ្តល់ទៅឲ្យ Lyft មុន ខណៈដែលនៅសល់ ៣៥០លានដុល្លារទៀត នឹងត្រូវបង់ទៅឲ្យក្រុមហ៊ុនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
គួរឲ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២១ ហើយនឹងបញ្ចប់ការងាររយៈពេល ៤ឆ្នាំរបស់ Lyft លើក្រុមហ៊ុនផ្នែកបើកបរដោយស្វ័យប្រវត្តិនេះ។
ក្រុមហ៊ុន Lyft បានឲ្យដឹងថា ការលក់នេះនឹងនាំឲ្យមានការសន្សំប្រចាំឆ្នាំ ១០០លានដុល្លារ នៃការចំណាយមិនមែន GAAP (non-GAAP expenses) ដែលធ្វើឲ្យវាស្ថិតក្នុងស្ថានភាពប្រសើរជាងមុន ដើម្បីរកប្រាក់ចំណេញ។
សូមបញ្ជាក់ដែរថា Toyota បានដើរតួយ៉ាងសំខាន់ក្នុងការប្រណាំង ឆ្ពោះទៅរកយានយន្តបើកបរដោយស្វ័យប្រវត្តិ។ កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានវិនិយោគទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារ ទៅក្នុងក្រុមហ៊ុន Uber ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីអភិវឌ្ឍរថយន្តស្វ័យប្រវត្តិ ទៀតផង៕