Toyota បានដាក់លក់រថយន្ត RAV4 Hybrid ស៊េរីពិសេសថ្មីមួយលើទីផ្សារអឺរ៉ុប ដែលមានឈ្មោះថា RAV4 Hybrid Black Edition ដែលរូបរាងរបស់វាមានរចនាដោយពណ៌ខ្មៅមើលទៅពោរពេញដោយអំណាច។
ផ្នែកដែលមានរំលេចដោយពណ៌ខ្មៅមានដូចជានៅលើផ្ទាំងប៉ាណាខាងមុខ, កាងខាងក្រោម, ស៊ុមកញ្ចក់បង្អួចរថយន្ត និងព្រុយត្រីឆ្លាមខាងក្រោយជាដើម។ បន្ថែមពីនេះវាក៏មានបំពាក់ដោយយ៉ាន់ទំហំ ១៩អ៊ីញ ដែលមានពណ៌ខ្មៅរលើបរលោង ហើយសូម្បីតែ Sensor Intelligent Clearance Sonar ក៏ត្រូវបានលាបពណ៌ខ្មៅផងដែរ។ នៅខាងក្នុងវិញក៏មានរចនាដោយពណ៌ខ្មៅស្ទើរគ្រប់ទីកន្លែងទៀតផង។
RAV4 Hybrid មានដំណើរការដោយម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ២១៥សេះ (សម្រាប់ FWD) និង ២១៩សេះ (សម្រាប់ AWD) គួបផ្សំដោយម៉ូទ័រអគ្គិសនី ដែលអាចស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេល ៨,១វិនាទី។ រថយន្ត RAV4 Hybrid ពិសេសនេះមានបើកទទួលការកុម្ម៉ង់ហើយ ដោយការដឹកជញ្ជូននឹងចាប់ផ្ដើមក្នុងខែតុលា៕