
ក្រុមហ៊ុន Toyota បានប្រកាសបញ្ចេញជាផ្លូវការនូវរថយន្តថ្មីចំនួន ២ ជម្រើសរួមមាន Yaris Z Urbano និង Yaris Cross Z Urbano ដែលជាកំណែពិសេសសម្រាប់ទីផ្សារប្រទេសជប៉ុន។
រថយន្តទាំងនេះ ត្រូវបានអភិវឌ្ឍលើផ្នែករចនាបថ Z Design ដោយផ្តោតលើការបន្ថែមការចនាថ្មីមួយចំនួនមានដូចជា ឡូហ្គូលពណ៌ខ្មៅ Toyota, កញ្ចក់ពណ៌ខ្មៅ, ដៃទ្វារពណ៌ខ្មៅ, spoiler ពណ៌ខ្មៅ, ដំបូលពណ៌ខ្មៅ និងកង់ពណ៌ខ្មៅ ដើម្បីធ្វើឲ្យរថយន្តកាន់តែមានរូបរាងកាន់តែទាក់ទាញ។ ក្នុងនោះ ម៉ូឌែល Yaris Z Urbano ប្រើប្រាស់នូវថាសកង់ទំហំ ១៦ អ៊ីញ ខណៈ Yaris Cross Z Urbano វិញប្រើថាសកង់ ១៨ អ៊ីញ។
សម្រាប់ផ្នែកខាងក្នុងរថយន្ត មានការរចនាដែលផ្តោតលើភាពប្រណិត និងសមត្ថភាពក្នុងការបើកបរដំណើរការ ពោលគឺរថយន្តទាំង ២ នេះដំណើរការដោយជម្រើសម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ាសុីន Hybrid ចំណុះ ១,៥ លីត្រ ភ្ជាប់ដោយជម្រើសប្រព័ន្ធបើកបរប៉ុង ១ (FWD) និងប៉ុង ២ (AWD) និងប្រអប់លេខ CVT ។
ទោះបីការរចនាឡើងវិញ ធ្វើឲ្យរថយន្តមានរូបរាងទំនើប និងប្រណិតក្តី ប៉ុន្តែវាមិនមានការកែប្រែផ្នែកម៉ាស៊ីន ឬកម្រិតស៊ីប្រេងនោះឡើយ និងមានតម្លៃលក់ចន្លោះពី ១៥ ៧០០ ដុល្លារ ដល់ ១៩ ៣០០ ដុល្លារ សម្រាប់ Toyota Yaris Urbano និងចាប់ពី ១៧ ៥០០ ដុល្លារ ដល់ ២១ ០០០ ដុល្លារ សម្រាប់ Yaris Cross Urbano ៕