Toyota បញ្ជាក់ថា Toyota C-HR ជំនាន់ទី ២ នឹងមានថាមពលអគ្គិសនីសុទ្ធ គ្រោងដាក់បង្ហាញនៅចុងឆ្នាំ ២០២៣

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយរថយន្តជប៉ុនបានរាយការណ៍ថា Toyota C-HR ជំនាន់ទី ២ ស៊េរីថ្មីអាចនឹងត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសប្រភេទអគ្គិសនីសុទ្ធ គួបផ្សំជាមួយនឹងម៉ាស៊ីន Hybrid ត្រូវបានគេរំពឹងថានឹងដាក់បង្ហាញនៅចុងឆ្នាំ ២០២៣ ។

យោងតាមគេហទំព័រជប៉ុន Spyder7 ដោយ Response.jp បានឲ្យដឹងថា Toyota C-HR ជំនាន់ក្រោយនឹងបន្តប្រើប្រាស់នៅគ្រោងឆ្អឹង TNGA (GA-C) platform ដែលបានកែប្រែឡើងវិញ ជាមួយនឹងកម្លាំងម៉ាស៊ីនកូនកាត់ hybrid ចំណុះ ២,០ លីត្រ ដែលដំណើរការរួមគ្នារវាងម៉ាស៊ីនសាំង ទំហំ ៤ស៊ីឡាំង Dynamic Force និងម៉ូទ័រអគ្គិសនី។ រួម​ទាំង​ប្រព័ន្ធ​បើកបរដោយកង់ទាំងបួន D-Four ដែល​ផ្តោត​លើ​ការ​បើកបរ​លើ​ស្ថានភាព​ផ្លូវ​ផ្សេងៗ និងគ្រោងដាក់លក់លើទីផ្សារក្រោមឈ្មោះ bZ3X បន្ទាប់ពី bZ4X បច្ចុប្បន្ន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ត្រូវបានបញ្ជាក់ផងដែរថា គំរូរថយន្ត bZ Compact SUV ដែល Toyota Motor Japan បង្ហាញជាមួយរថយន្តអគ្គិសនីចំនួន ១៧ ក្នុងពេលដំណាលគ្នានៅចុងឆ្នាំ ២០២១។ វាអាចប្រើជាគំរូសម្រាប់ការអភិវឌ្ឍន៍ C-HR ជំនាន់ក្រោយ ដែលនៅតែរក្សាបាននៅអត្តសញ្ញាណនៃតួរថយន្ត SUV ខ្នាតតូច ដោយផ្លាស់ប្តូរមុខមាត់ថ្មីផងដែរ។

គួរឲ្យដឹងថា បច្ចុប្បន្ន Toyota បន្តធ្វើទីផ្សាររថយន្តប្រភេទ Crossover C-HR នៅក្នុងប្រទេសថៃ ដោយត្រូវបានដាក់បង្ហាញតាំងពីឆ្នាំ ២០១៨ ហើយត្រូវបានកែមុខមាត់ថ្មីនឹងដាក់លក់នៅលើទីផ្សារពិភពលោកនៅឆ្នាំ ២០១៩ ដោយបានធ្វើការរចានាចង្កៀងមុខ-ភ្លើងក្រោយមានភាពប្រសើរឡើង និងទំនើបជាងមុន។ បន្ថែមពីនេះ សម្រាប់ម៉ូដែលរបស់អ៊ឺរ៉ុបត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ២,០ លីត្រ មានកម្លាំង ១៨៤ សេះ បញ្ជូនដោយប្រអប់លេខអូតូ E-CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម