Toyota ពន្យារពេលការ​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធនៅ​អាមេរិករហូតដល់ឆ្នាំ ២០២៦

[បរទេស] កាលពីដើមឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតរថយន្ត Toyota មានគម្រោងផលិតរថយន្តអគ្គិសនីសុទ្ធនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសអាមេរិកខាងជើងក្នុងឆ្នាំ ២០២៥ ដែលមានការវិនិយោគចំនួន ១,៣ ពាន់លានដុល្លារ ខណៈពេលនេះ Toyota បានធ្វើការពន្យារពេលការផលិតដល់ពាក់កណ្តាលឆ្នាំ ២០២៦ ដែលធ្វើឲ្យមានការលក់យឺតនៅក្នុងទីផ្សារសំខាន់ៗមួយចំនួន ។

ជាមួយគ្នានេះ Toyota គ្រោងនឹងដាក់លក់រថយន្តអគ្គិសនីសុទ្ធថ្មីចំនួន ១០ម៉ូដែលនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៦ ទោះបីជាខ្លួនមិនទាន់បានប្រកាសពីផលិតផលដែលគ្រោងទុកសម្រាប់អាមេរិកខាងជើងក៏ដោយ ក៏រថយន្តអគ្គិសនីដែលផលិតនៅរោងចក្រ Kentucky ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមរថយន្តអគ្គិសនីជំនាន់ក្រោយដែលបំពាក់គ្រោងឆ្អឹងដែលបានធ្វើឲ្យប្រសើរឡើងជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុននេះ ក៏បានលុបចោលផែនការផលិតរថយន្តអគ្គិសនីថ្មីក្រោមម៉ាកយីហោ Lexus ប្រណីតរបស់ខ្លួននៅអាមេរិកខាងជើងនៅឆ្នាំ ២០៣០ ផងដែរ ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Toyota ធ្លាប់បានកំណត់គោលដៅផលិតរថយន្តអគ្គិសនីចំនួន ១,៥ លានគ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំ ២០២៦ ប៉ុន្តែយោងតាមផែនការថ្មីដែលបានប្រកាសទៅកាន់អ្នកផ្គត់ផ្គង់ ចំនួននោះមានត្រឹមតែប្រហែល ១លានគ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម