Toyota មិនត្រឹមតែដំឡើងទេ តែក៏មានបំណងផលិតរថយន្តនៅកម្ពុជាដែរ

នាពេលអនាគត ក្រុមហ៊ុន Toyota ក៏​មាន​បំណងចង់ផលិតរថយន្ត​នៅកម្ពុជាផងដែរ ខណៈដែលរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ទទួលបានការពេញនិយមខ្លាំង​នៅក្នុងប្រទេស។

ថ្លែងក្នុងកិច្ចសម្ភាសន៍​ជាមួយសារព័ត៌មានកម្ពុជាថ្មី ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២៥ លោក Tschiya Kensuke អគ្គនាយក​នៃក្រុមហ៊ុនរោងចក្រដំឡើង​រថយន្តតូយ៉ូតានៅកម្ពុជា Toyota Tsusho Manufacturing Cambodia បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​បានសម្រេចនូវការដំឡើងរថយន្តរួចមកហើយ ជំហានបន្ទាប់ គឺនឹង​បង្កើនចំនួនដំឡើងរថយន្ត និងបន្ថែមម៉ូឌែល ហើយបន្តមកទៀតនឹងឈានដល់ការផលិត និងនាំចេញតែម្តង ប៉ុន្តែលុះត្រាតែមានការគាំទ្រ និងកិច្ចសហការបន្ថែមពីរាជរដ្ឋាភិបាល និងមានសន្ទុះតម្រូវការច្រើនខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមជម្រាប​ថា រោងចក្រ​ផ្គុំ និងដំឡើងរថយន្តរបស់​ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia ត្រូវបានសម្ពោធជាផ្លូវការ កាលពីខែឧសភា ឆ្នាំ២០២៤ ដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ រោងចក្រនេះ បាននឹងកំពុងដំឡើង​រថយន្ត ២ម៉ូឌែល គឺ Fortuner ដែលជាប្រភេទ SUV និង Hilux ដែលជាប្រភេទភីកអាប់។

បើតាមលោកអគ្គនាយក ក៏បានឲ្យដឹងដែរថា រថយន្តដែលដំឡើងក្នុងស្រុកនេះ មានតម្លៃធូរជាងមុនមួយកម្រិត និងបានធ្វើឲ្យ​ចំនួនលក់កើនឡើងផងដែរ។ គិតមកដល់ពេលនេះ Toyota បានដំឡើង​រថយន្តនៅកម្ពុជា បានប្រមាណ ៣ពាន់គ្រឿងហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម