[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បាននិយាយថា ខ្លួនកំពុងស្វែងរកដំណោះស្រាយឥន្ធនៈអ៉ីដ្រូសែនសម្រាប់ Land Cruiser ប៉ុន្តែវាមិនទាន់ច្បាស់ថាតើវានឹងប្រើប្រាស់ជាមួយម៉ាស៊ីនចំហេះក្នុង ឬប្រើថាមពលអគ្គិសនីនោះទេ។
ក្នុងនោះ លោក Mitsumasa Yamagata ប្រធានរោងចក្រអ៉ីដ្រូសែន Toyota បាននិយាយថា រថយន្ត Toyota Land Cruiser ដើរដោយថាមពលអ៉ីដ្រូសែន អាចនឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលសម្ពោធរថយន្ត HiAce ដែលដើរដោយថាមពលអ៉ីដ្រូសែនក្នុងប្រទេសអូស្ត្រាលី ដោយម៉ាស៊ីននេះ អាចជំនួសនឹងត្រូវប្រើប្រាស់សម្រាប់ Land Cruiser ដែលមានទាំងប្រភេទ SUV និងប្រភេទភីកអាប់ផងដែរ ។
គួរឲ្យដឹងថា គំរូរថយន្ត HiAce ដើរដោយថាមពលអ៉ីដ្រូសែន ប្រើប្រាស់ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ Twin-turbo ដែលជាម៉ាស៊ីនដូចគ្នាទៅនឹងរថយន្ត Lexus LX600 និង Land Cruiser serie 300 ដែលជាធម្មតាដំណើរការលើម៉ាស៊ីនសាំង។
របាយការណ៍មួយចំនួនពីប្រទេសជប៉ុនក្នុងឆ្នាំ ២០២២ បាននិយាយថា Toyota អាចប្រើប្រាស់ម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រសម្រាប់ឥន្ធនៈអ៉ីដ្រូសែន ដែលជាប្រភេទដែលយកចេញពីរថយន្ត Lexus RC F និង LC500 ដែលត្រូវបានផលិតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Yamaha ៕