Toyota កំពុងពិចារណាទិញក្រុមហ៊ុន Neta ដើម្បីជំរុញការអភិវឌ្ឍរថយន្តអគ្គិសនីរបស់ខ្លួននៅចិន

យោងតាមសេចក្តីរាយការណ៍ចុះថ្ងៃទី ១២ ខែឧសភា ពី Kuai Technology ក្រុមហ៊ុន Toyota ត្រូវបានគេរាយការណ៍ថា កំពុងវាយតម្លៃលើការទិញយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Neta Auto ដែលកំពុងជួបបញ្ហា។ ទោះបីជាមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ តែយោងតាមចំណាត់ការបែបនេះអាចជួយឲ្យក្រុមហ៊ុន Toyota ពង្រឹងយុទ្ធសាស្ត្រផលិតរថយន្តអគ្គិសនី របស់ខ្លួននៅក្នុងប្រទេសចិន ស្របពេលក្រុមហ៊ុន Neta ជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។

ក្រុមហ៊ុន Neta Auto ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ពួកគេបាន​ជួប​វិបត្តិ​តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០២៤។ ការផលិត​ត្រូវ​បាន​ផ្អាក ការ​បញ្ឍប់បុគ្គលិក​ទ្រង់ទ្រាយ​ធំ​បាន​កើតឡើង​ ហើយ​ក្រុមហ៊ុន​បាន​ព្យាយាម​ស្វែងរក​ការ​ផ្ដល់​មូលនិធិ​ពី​ខាងក្រៅ។ នៅ​ថ្ងៃទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Neta បាន​បង្ហាញ​ពី​គម្រោង​ហិរញ្ញប្បទាន E-round ដែល​បាន​បរាជ័យ ដែល​មាន​ទឹកប្រាក់ ៥៥២ ៦២១ លាន​ដុល្លារ​។

ទោះបីជា​រោងចក្រ Tongxiang របស់ Neta បាន​បើក​ឡើងវិញ​មួយរយៈពេល​ខ្លី​នៅ​ដើមខែ​មករា​ក៏ដោយ ក៏​ការផលិត​មិនបាន​បន្ត​ឡើយ ដោយសារ​កង្វះខាត​គ្រឿងបន្លាស់​ធ្ងន់ធ្ងរ។ ការបរាជ័យ​នេះ​បាន​នាំឲ្យ​វិនិយោគិន​ដកខ្លួន​វិញ ដែល​ធ្វើឲ្យកិច្ចព្រមព្រៀង​នេះ​បាន​បរាជ័យ​ជា​ស្ថាពរ។

ផ្នែក​ហិរញ្ញវត្ថុ ក្រុមហ៊ុន Neta បាន​ប្រកាស​ពី​ការ​ខាតបង់​សរុប ២.៥៣ ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​បី​ឆ្នាំ និង​ជំពាក់​ប្រាក់​អ្នកផ្គត់ផ្គង់ ៨២៨លាន​ដុល្លារ​។ ក្រុមហ៊ុន​បាន​ស្នើ​ឲ្យ​បំប្លែង​បំណុល ៧០% របស់​អ្នកផ្គត់ផ្គង់​ទៅជា​ភាគហ៊ុន និង​បង់​ប្រាក់​ដែល​នៅ​សល់​ជា​ដំណាក់កាល ដោយ​ព្រមាន​ថា​ខ្លួន​អាច​នឹង​មិន​អាច​ទូទាត់​ប្រាក់ខែ និង​ធានារ៉ាប់រង​សង្គម​បាន​ទេ ប្រសិនបើ​គ្មាន​ទុន​ថ្មី។ ប្រសិនបើ Neta ក្ស័យធន វិនិយោគិន​រដ្ឋាភិបាល​នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​សងបំណុល ដែល​ធ្វើ​ឲ្យអ្នកផ្គត់ផ្គង់​ប្រឈម​នឹង​ហានិភ័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​លើ​បញ្ហា​របស់​ខ្លួន Neta អាច​ប្រឈម​នឹង​ការពិន័យ​នៅ​ប្រទេស​ថៃ ដោយអាចពិន័យជាទឹកប្រាក់ប្រមាណ ៤ ១០០ ដុល្លារក្នុងរថយន្ដ​មួយ​គ្រឿង។ ដើម្បី​រក្សា​ទុក​ប្រាក់​ទាំងនេះ Neta ត្រូវ​បំពេញ​តាម​គោលដៅ​ផលិតកម្ម​ក្នុង​ស្រុក​ត្រឹម​ឆ្នាំ ២០២៥ ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​ដូច្នេះ​អាច​បង្ក​ឱ្យ​មានការ​សង​ត្រលប់​ប្រាក់​ឧបត្ថម្ភ ការប្រាក់ និង​ការ​បន្ធូរ​បន្ថយ​ពន្ធ។

ប្រសិនបើ​កិច្ចព្រមព្រៀង​មួយ​ដំណើរការ​ទៅ​មុខ ក្រុមហ៊ុន Toyota អាច​ទាញយក​ប្រយោជន៍​ពី​ទ្រព្យសកម្ម និង​ចំណេះដឹង​ក្នុងស្រុក​របស់ Neta ដើម្បី​ពន្លឿន​ការ​ដាក់​ចេញ​រថយន្ត EV របស់​ខ្លួន​នៅ​ប្រទេស​ចិន។ ទោះជាយ៉ាងណា នាយក​ផ្នែក​ទំនាក់ទំនង​របស់ក្រុមហ៊ុន Toyota នៅចិន លោក Xu Yiming បាន​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ទាំងនោះ​ថា«យើង​មិនទាន់​បាន​ឮ​អ្វី​អំពី​រឿង​នេះ​ទេ»។

នៅក្នុង​ឆ្នាំ ២០២៤ ការលក់​របស់ Neta បាន​ធ្លាក់ចុះ​មក​ត្រឹម ៦៤ ៥០០ គ្រឿង ហើយ​នៅក្នុង​ខែមករា ឆ្នាំ ២០២៥ ការលក់​បាន​ធ្លាក់ចុះ​ជិត ៩៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​នៅសល់​ត្រឹមតែ ១១០ គ្រឿង​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ក៏​បាន​ប្រឈម​នឹង​ការរិះគន់​ជុំវិញ​បច្ចេកវិទ្យា​ដែល​ហួស​សម័យ និង​ការអះអាង​ពី​ដំណើរការ​ដែល​ហួស​ពី​ការពិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម