[ទីផ្សារបរទេស] រថយន្ត Sedan ម៉ូដែល Crown គឺជារថយន្តដ៏ល្បីឈ្មោះ និងមានអាយុកាលវែងរបស់ Toyota ហើយរថយន្តម៉ូដែលនេះគ្រោងនឹងមានការផ្លាស់ប្ដូរធំមួយ។ ប្រភពចេញពីជប៉ុន បាននិយាយថារថយន្តអាយុកាល៦៧ឆ្នាំនេះ កំពុងត្រូវបានប្រែក្លាយទៅជារថយន្ត SUV ដើម្បីដេញតាមតម្រូវការទីផ្សារដែលកំពុងពេញនិយមរថយន្តតួខ្ពស់។
តាមការចុះផ្សាយរបស់ Reuters ដែលដកស្រង់សម្ដីចេញពីបុគ្គលបីរូបដែលដឹងអំពីផែនការរបស់ Toyota បានឲ្យដឹងថារថយន្ត SUV ថ្មីនឹងមានដាក់លក់នៅប្រទេសជប៉ុន ចិន និងនៅសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០២៣ ប៉ុន្តែបើតាមឯកសារដែលលេចធ្លាយតាមរយៈហាងលក់រថយន្តនៅអាមេរិកកាលពីខែកុម្ភៈ មានការអះអាងថាឈ្មួញលក់រថយន្ត Toyota នៅអាមេរិក អាចនឹងចាប់ផ្ដើមលក់រថយន្តនេះនៅក្នុងខែតុលា ឆ្នាំ២០២២។
ទាក់ទងនឹងលក្ខណៈសម្បត្តិនៃម៉ាស៊ីន មិនត្រូវបានបញ្ចេញនោះទេ ប៉ុន្តែបើតាមការចុះផ្សាយបានឲ្យដឹងថាប្រភេទប្រើម៉ាស៊ីនប្រេងសាំង Hybrid នឹងមានដាក់លក់នៅប្រទេសចិន និងអាមេរិកខាងជើង។ ការចុះផ្សាយដដែលបានអះអាងទៀតថាប្រភេទ PHEV បានគ្រោងទុកសម្រាប់ទីផ្សារក្នុងស្រុក គឺនៅប្រទេសជប៉ុន។
ក្រោយមកទៀត នៅឆ្នាំ២០២៤ រថយន្ត Crown SUV ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនឹងលេចវត្តមាន ប៉ុន្តែប្រភពពីរដែល Reuters បានជួបនិយាយជាមួយបាននិយាយថា Toyota នៅមិនទាន់សម្រេចលើគម្រោងការនាំចេញរថយន្តប្រភេទអគ្គិសនីនេះនៅឡើយទេ។
ប្រភពក៏បាននិយាយផងដែរថា Toyota នឹងប្រកាសចេញរថយន្ត Crown Sedan ថ្មី ដើម្បីដាក់លក់ទន្ទឹមគ្នានឹង Crown SUV។ គួរដឹងថានៅជប៉ុន រថយន្ត Crown គឺជារថយន្ត Sedan ប្រណីតមួយដែលបានផលិតដោយប្រើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Lexus LC និង LS៕