[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានចុះកម្មសិទ្ធបញ្ញាថ្មីមួយជាមួយការិយាល័យប៉ាតង់ និងកម្មសិទ្ធបញ្ញានៅសហរដ្ឋអាមេរិក ជាមួយឈ្មោះ TX550h+ ដែលបានចុះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។
នេះគឺជាកម្មសិទ្ធបញ្ញាទីបីហើយដែលចុះដោយក្រុមហ៊ុន Toyota ដែលមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ TX ដោយកាលពីកន្លងមកក្រុមហ៊ុនធ្លាប់ចុះឈ្មោះសម្រាប់ TX350 និង TX500h កាលពីឆ្នាំ២០២០។
ដូចដែលបានដឹងហើយថាការប្រើឈ្មោះជាអក្សរកាត់នេះគឺនិយមប្រើប្រាស់លើរថយន្ត Lexus ដែលជាសាខារថយន្តប្រណីតនៃក្រុមហ៊ុន Toyota។ ជាធម្មតា X នេះគឺតំណាងឲ្យរថយន្តតួខ្ពស់ SUV ខណៈដែលអក្សរ ‘h’ នៅក្នុងឈ្មោះអាចសម្គាល់បានថាវាជារថយន្ត hybrid។
ដោយឡែកសញ្ញា ‘+’ លើរថយន្ត Lexus គឺជាការតំណាងឲ្យប្រព័ន្ធម៉ាស៊ីន PHEV ដែលគេបានឃើញជាលើកដំបូងលើរថយន្ត Lexus NX ជំនាន់ទីពីរ ហើយវាជារថយន្តដំបូងរបស់ Lexus ដែលមានប្រើម៉ាស៊ីន PHEV នេះផងដែរ។
នេះមានន័យថារថយន្ត Lexus TX ដែលគេបានលេចឮដំណឹងចចាមអារ៉ាមកន្លងមកនឹងមានជម្រើសម៉ាស៊ីន PHEV អមជាមួយប្រភេទម៉ាស៊ីន hybrid និងមួយទៀតជាជម្រើសម៉ាស៊ីនប្រើប្រេងឥន្ធនៈសុទ្ធ។ គួររំលឹកថាដំណឹងចចាមអារ៉ាមពី Lexus TX បានលេចចេញជាយូរមកហើយ ដែលរថយន្តនេះត្រូវបានគេរំពឹងថាជារថយន្តកៅអីបីជួរ ចូលមកជំនួសរថយន្ត Lexus GX ដែលជារថយន្តផលិតដោយផ្អែកលើរថយន្ត Toyota Land Cruiser Prado៕