ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Highlander Bronze Edition ស៊េរីឆ្នាំ២០២២ ថ្មី ដែលត្រូវបានផលិតផ្អែកតាមម៉ូដែល XLE ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤៣ ៨៨០ដុល្លារ សម្រាប់ប្រភេទប៉ុងមុខ និង ៤៥ ៤៨០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ លើទីផ្សារសហរដ្ឋអាមេរិក។
បើប្រៀបធៀបទៅ រថយន្ត Highlander Bronze Edition មានតម្លៃថ្លៃជាងម៉ូដែល XLE ប្រហែល ២ ០០០ដុល្លារ។
សម្រាប់ផ្នែកខាងក្នុង និងខាងក្រៅ Bronze Edition បានប្រើប្រាស់ជាមួយពណ៌សំរិទ្ធនៅលើ ថាសកង់ទំហំ ១៨អ៊ីញ, លើតែមឈ្នាន់ជាន់, ឡូហ្គូ Highland ក្នុងឃ្លុបក្រោយ, ឡូហ្គូ Bronze, កៅអីស្បែក និងកម្រាលទ្រាប់ជើង។
បន្ថែមពីនេះ Highlander Bronze Edition ទទួលបានការបំពាក់ថ្មីជាមួយ៖ អំពូលបំភ្លឺពេលថ្ងៃ ប្រភេទLED, ឃ្លុបក្រោយបើក-បិទដោយស្វ័យប្រវត្តិ, ផ្លឹតទឹកចាប់សញ្ញាទឹកភ្លៀងដោយស្វ័យប្រវត្ត្តិ, ភ្លើងឡូហ្គូ Highlander ក្រោមទ្វា, កាំម៉េរ៉ាខាងក្រោយ ប្រភេទឌីជីថល, កៅអីអ្នកបើកបរអាចផ្លាស់ប្តូរបញ្ជាបាន ១០ទិសដៅ, កៅអីអ្នកដំណើរអាចបញ្ជាបាន ៨ទិសដៅ និងរន្ធសាកថ្មកម្លាំង ១ ៥០០វ៉ាត់។
រថយន្ត Toyota Highlander Bronze Edition ដំណើរការដោយម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងសរុបបាន ២៤៣សេះ និងជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងអស់ ៦,៥លីត្រ៕