[ទីផ្សារបរទេស] Toyota បានប្រកាសចេញរថយន្ត RAV4 ស៊េរីឆ្នាំ២០២៣ សម្រាប់ទីផ្សារអឺរ៉ុប ដែលមានការផ្លាស់ប្ដូរថ្មីៗមួយចំនួន ដូចជាការប្ដូរប្រើកុងទ័រឌីជីថលថ្មី អេក្រង់កម្សាន្តទំហំធំ និងប្រព័ន្ធសុវត្ថិភាពដែលមានការអាប់ដេតថ្មីផងដែរ។
RAV4 ស៊េរីថ្មី មានបំពាក់អេក្រង់ ១០,៥អ៊ីញ ថ្មីដែលមានកម្រិតបង្ហាញច្បាស់ជាងមុន ហើយអេក្រង់នេះធ្លាប់បានប្រើរួចមកហើយលើរថយន្ត Toyota ម៉ូដែលផ្សេង ដូចជា Corolla និង Corolla Cross ជាដើម។
អេក្រង់កម្សាន្តថ្មីមានមកជាស្តង់ដារនូវមុខងារ Android Auto ជាមួយ Apple CarPlay ផងដែរ ហើយវាក៏មានមុខងារដែលផ្ដល់ទិន្នន័យផ្ទាល់ៗទាក់ទងនឹងចរាចរណ៍លើដងផ្លូវ និងបង្ហាញពីចំណតដែលទំនេរដែលស្ថិតនៅជិតគោលដៅរបស់អ្នកបើកបរផងដែរ។ អតិថិជនក៏អាចថែមថវិកាដើម្បីទទួលបានមុខងារបង្ហាញផ្លូវដោយមិនប្រើអ៊ីនធឺណិត, មុខងារចំណាំស្លាកចរាចរណ៍, មុខងារឲ្យដំណឹងពីធាតុអាកាស និងមុខងារឲ្យដំណឹងពីតំបន់គ្មានផ្សែងពុលជាដើម។
ដោយឡែក RAV4 ស៊េរីថ្មីក៏មានបំពាក់នូវកុងទ័រឌីជីថលថ្មី ទំហំដល់ ១២,៣អ៊ីញ ដែលកុងទ័រនេះមានមកជាស្តង់ដារលើគ្រប់ប្រភេទរថយន្ត លើកលែងតែប្រភេទ Entry-Level ដែលមានកុងទ័រទំហំ ៧អ៊ីញប៉ុណ្ណោះ។ អេក្រង់នេះមានចែកចេញជា៤ប្រភេទ (Casual, Smart, Sport និង Tough) ហើយមានការរៀបចំចំនួនបីរបៀប។
បន្ថែមពីនេះ RAV4 ស៊េរីថ្មីក៏ទទួលបានការអាប់ដេតលើកញ្ចប់សុវត្ថិភាព Toyota Safety Sense ផងដែរ ដោយអាប់ដេតបន្ថែមលើមុខងារ Pre-Collision System និងការបន្ថែមមុខងារ Emergency Steering Assist ដែលអាចឲ្យរថយន្តជៀសផុតពីអ្នកថ្មើរជើង។
ទាក់ទងនឹងរូបរាងខាងក្រៅ ជាមួយនឹងម៉ាស៊ីនមិនមានការផ្លាស់ប្ដូរឡើយ ដោយវានៅតែប្រើម៉ាស៊ីន ២,៥លីត្រ Hybrid អាចផលិតកម្លាំងបាន ២១៥សេះ សម្រាប់ប្រភេទ FWD និងផលិតកម្លាំងបាន ២១៩សេះ សម្រាប់ប្រភេទ AWD-i។ ចំណែកប្រភេទ Plug-in Hybrid អាចផលិតកម្លាំងបាន ៣០២សេះ និងមានប្រព័ន្ធបើកបរប៉ុងពីរជាស្តង់ដារតែម្ដង។
រថយន្ត Toyota RAV4 ស៊េរីឆ្នាំ២០២៣ នឹងចូលរោងចក្រផលិតនៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយតម្លៃនៅមិនទាន់ប្រកាសចេញនៅឡើយទេ៕