ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត RAV4 PHV ស៊េរីឆ្នាំ២០២១ ថ្មី នៅក្នុងប្រទេសកំណើតរបស់ខ្លួន ខណៈម៉ូដែលនេះត្រូវបានគេហៅថា RAV4 Prime សម្រាប់ទីផ្សារដទៃ។
រថយន្ត Toyota RAV4 PHV បំពាក់ម៉ាស៊ីន Toyota Hybrid System II (THS II) ថ្មី មានកម្លាំងសរុប ៣០២សេះ ដែលជាការគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង Dynamic Force ជាមួយនឹងម៉ូទ័រអគ្គិសនីពីរ និងអាគុយ Hybrid មួយ ហើយដំណើរការដោយប្រព័ន្ធប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៦វិនាទី។
RAV4 PHV អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៩៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៥លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
រថយន្ត SUV នេះមានបំពាក់កៅអីស្បែក, កុងទ័របង្ហាញព័ត៌មានទំហំ ៩អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធ Toyota Safety Sense មកស្តង់ដារតែម្តង។ Toyota បានដាក់លក់ RAV4 PHV ថ្មីនេះក្នុងតម្លៃចាប់ពី ៤២ ៨២០ដុល្លារ នៅក្នុងប្រទេសជប៉ុន៕