[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានចេញលក់រថយន្ត Sienna ស៊េរីពិសេសអបអរសាទរខួបទី២៥ឆ្នាំ ដែលមានឈ្មោះថា 25th Anniversary Edition ដោយមានកំណត់លក់ត្រឹម ២៥២៥គ្រឿង លើទីផ្សារសហរដ្ឋអាមេរិក។
ផលិតផ្អែកលើ Option XSE រថយន្ត Sienna 25th Anniversary Edition មានជម្រើសពណ៌ Celestial Silver ឬ Chill Pearl ដោយមានបំពាក់យ៉ាន់ទំហំ ២០អ៉ីញ។ ម៉ូដែលពិសេសនេះក៏មានរំលេចនូវពណ៌ខ្មៅលើរូបរាងខាងក្រៅផងដែរ ដូចជានៅលើកញ្ចក់មើលឆ្វេងស្ដាំ និងមានចំណុចទាក់ទាញមួយចំនួនទៀត។
នៅផ្នែកខាងក្នុងមានកៅអីអង្គុយស្រោបដោយស្បែកដែលមានមុខងារកម្ដៅ ជាមួយការដេរថ្នេរពណ៌ទឹកប្រាប់ ឆ្លុះគ្នាជាមួយកៅអីអង្គុយពណ៌ខ្មៅ។ នៅខាងក្នុងក៏មានបំពាក់នូវកញ្ចប់ XSE Plus ដែលក្នុងនោះមានប្រព័ន្ធសំឡេង JBL, មានមុខងារ GPS, មានកន្លែងសាកថ្មទូរសព្ទដោយមិនប្រើខ្សែ និងមាន Converter កម្លាំង ១៥០០វ៉ាត់ថែមទៀតផង។
រថយន្ត Sienna 25th Anniversary Edition នឹងមានជាជម្រើសបើកបរកង់មុខ ឬបើកបរប៉ុងពីរ ហើយអតិថិជននឹងទទួលបានកូនសោដែលមានផ្លាក 25th Anniversary យ៉ាងពិសេស។ រថយន្តនេះដែរ ប្រើប្រព័ន្ធម៉ាស៊ីន Hybrid ដែលមានម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបានសរុប ២៤៥សេះ និងមានកម្រិតស៊ីប្រេងជាមធ្យម ៦,៥៣លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ។
ចាប់តាំងពីចេញលក់លើទីផ្សារអាមេរិកក្នុងឆ្នាំ ១៩៩៧ មក Toyota លក់រថយន្តវ៉ែននេះបានចំនួនជាង ២,២លានគ្រឿង ហើយវាបានក្លាយជារថយន្តវ៉ែនលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលមានចំណែកទីផ្សាររហូតដល់ ៣៥%៕