Toyota ជាប់ជាម៉ាកឡានមានតម្លៃជាងគេប្រចាំឆ្នាំ

ក្រុមហ៊ុន Interbrand របស់សហរដ្ឋអាមេរិក ដែលវាយតម្លៃម៉ាកសញ្ញាក្រុមហ៊ុនលើពិភពលោក បានបង្ហាញចេញ​បញ្ជី​ប្រចាំឆ្នាំ២០២១របស់ខ្លួន ដោយក្នុងនោះ Toyota បានជាប់ជាម៉ាករថយន្តមានតម្លៃជាងគេបំផុត ជាមួយតម្លៃ ៥៤,១ពាន់លានដុល្លារ និងជាប់​ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមម៉ាកសញ្ញាទូទៅ។

ម៉ាករថយន្តដែលជាប់ចំណាត់ថ្នាក់លេខពីរ បន្ទាប់ពី Toyota គឺម៉ាក Mercedes-Benz ដែលមានតម្លៃ ៥០,៨ពាន់លានដុល្លារ ហើយម៉ាកនេះក៏ស្ថិតនៅចំណាត់ថ្នាក់លេខ៨ផងដែរ ក្នុងចំណោមម៉ាកសញ្ញាទូទៅជារួម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាករថយន្តជាបន្តបន្ទាប់មានដូចជា BMW (៤១,៦ពាន់លានដុល្លារ), Tesla (៣៦,៣ពាន់លានដុល្លារ) និងម៉ាក Honda (២១,៣ពាន់លានដុល្លារ)។

Tesla គឺជាម៉ាកដែលរីកចម្រើនខ្លាំងជាងគេប្រចាំឆ្នាំ២០២១ ដោយតម្លៃនៃម៉ាកនេះមានកំណើនរហូតដល់ ១៨៤% ធៀបនឹងតម្លៃកាលពីឆ្នាំ២០២០។ កាលពីឆ្នាំមុន Tesla ស្ថិតនៅចំណាត់ថ្នាក់ទី៤០ ក្នុងចំណោមម៉ាកទូទៅ ខណៈដែលឆ្នាំនេះហក់​មក​ដល់​ចំណាត់ថ្នាក់ ១៤។

គួរដឹងផងដែរថា Apple គឺជាម៉ាកសញ្ញាដែលមានតម្លៃជាងគេក្នុងលោកប្រចាំឆ្នាំ២០២១ ជាមួយតម្លៃ ៤០៨,២ពាន់លានដុល្លារ តាមពីក្រោយដោយ Amazon (២៤៩,២ពាន់លានដុល្លារ) និង Microsoft (២១០,១ពាន់លានដុល្លារ)។

ម៉ាករថយន្តដទៃទៀតដែលមានឈ្មោះក្នុងបញ្ជីទាំង១០០របស់ Interbrand មានដូចជា Hyundai (១៥,១ពាន់លានដុល្លារ), Audi (១៣,៤ពាន់លានដុល្លារ), Volkswagen (១៣,៤ពាន់លានដុល្លារ), Ford (១២,៨ពាន់លានដុល្លារ), Porsche (១១,៧ពាន់លានដុល្លារ), Nissan (១១,១ពាន់លានដុល្លារ) និង Land Rover (៥,០៨ពាន់លានដុល្លារ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម