[ទីផ្សារបរទេស] Toyota បានក្លាយជាម៉ាករថយន្តដែលមានអ្នកស្វែងរកច្រើនជាងគេបំផុតលើ Google ប្រចាំឆ្នាំ២០២១។ នេះបើផ្អែកតាមទិន្នន័យពី Google Trends ដែលរៀបចំឡើងដោយ Compare the Market។ Toyota ធ្លាប់ជាប់លេខ១ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០២០។
Toyota បានក្លាយជាម៉ាករថយន្តដែលមានអ្នកស្វែងរកច្រើនជាងគេក្នុងប្រទេសសរុបចំនួន ៤៧ប្រទេស ក្នុងចំណោមប្រទេសចំនួន ១៥៤ប្រទេស និងមានចំណែកប្រមាណ ៣១% នៃការស្វែងរកទាំងអស់ដែលទាក់ទងនឹងម៉ាករថយន្តផងដែរ។ កាលពីឆ្នាំកន្លងទៅ Toyota បានសាងការចាប់អារម្មណ៍ខ្លាំងលើអ៉ីនធឺណិត តាមរយៈរថយន្ត Land Cruiser ថ្មី និងរថយន្ត Tundra ថ្មី ព្រមទាំងការបង្ហាញចេញរថយន្តអគ្គិសនីជាច្រើនផងដែរ។
BMW ឯណោះវិញ ជាប់ចំណាត់ថ្នាក់លេខ២ ខណៈដែល Mercedes-Benz ជាប់ចំណាត់ថ្នាក់លេខ៣ និងម៉ាករថយន្ត Audi ជាប់ចំណាត់ថ្នាក់លេខ៤។
ក្នុងឆ្នាំ២០២១ ស្ថាប័ន Compare the Market ក៏បានបញ្ចូល Tesla ក្នុងបញ្ជីរថយន្តរបស់ខ្លួនផងដែរ ដែលជាលទ្ធផលគឺ Tesla ជាប់លេខមួយក្នុងប្រទេស/តំបន់ចំនួន៥ប៉ុណ្ណោះ (ចិន, ហុងកុង, អ៉ីស្រាអែល, ម៉ាកាវ និងសិង្ហបុរី) ប៉ុន្តែអាចជាប់លេខ៣ក្នុងប្រទេសចំនួន២៤៕