កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតរថយន្តចំនួន ៦ រួមមាន Ford, GM, Mercedes, Volvo, BYD, និង Jaguar Land Rover បានប្តេជ្ញាបញ្ចប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង នៅឆ្នាំ ២០៤០។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ ដែលមិនស្ថិតក្នុងបញ្ជីនោះគឺ Toyota ប៉ុន្តែវាក៏មានហេតុផលនៅពីក្រោយខ្នងរឿងរ៉ាវនេះដែរ។
ក្នុងនោះក្រុមហ៊ុន Toyota ជឿជាក់ថា សម្រាប់តំបន់មួយចំនួននៃពិភពលោក ការបំភាយឧស្ម័នពុលសូន្យ ឬហៅថា រថយន្តអគ្គិសនី “មិនសមហេតុផលទេ” យ៉ាងហោចណាស់គឺនៅមិនទាន់ដល់ពេលនៅឡើយទេ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានប្រាប់សារព័ត៌មាន Reuters ថា “យើងត្រៀមខ្លួនជាស្រេចក្នុងការបង្កើនល្បឿន និងជួយគាំទ្រជាមួយនឹងរថយន្តដែលមិនមានការបញ្ចេញឧស្ម័នពុល។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់ជាច្រើននៃពិភពលោក ដូចជា អាស៊ី អាហ្រ្វិក មជ្ឈិមបូព៌ា ការលើកកម្ពស់ការដឹកជញ្ជូនគ្មានការបំភាយឧស្ម័នពុលសុទ្ធ នៅមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។ យើងគិតថា វានឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើឲ្យមានការរីកចម្រើន… ដូច្នេះ វាពិបាកសម្រាប់យើងក្នុងការប្តេជ្ញាចំពោះសេចក្តីថ្លែងការណ៍រួមនៅដំណាក់កាលនេះណាស់”៕