
ក្រុមហ៊ុន Toyota បានក្រើនរំលឹកទៅដល់ក្រុមហ៊ុនរថយន្តដទៃ ឲ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យផ្សព្វផ្សាយហៅ “រថយន្ត Hybrid” ដើម្បីកុំឲ្យអតិថិជនរបស់ខ្លួន មានការយល់ច្រឡំ។ ការដាស់តឿនបែបនេះ ក្រោយមានក្រុមហ៊ុនមួយចំនួន បានប្រកាសរថយន្តខ្លួនដែលបំពាក់ត្រឹមតែប្រព័ន្ធ Mild Hybrid ថាជារថយន្ត Hybrid។
លោក Sean Hanley នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនរថយន្តទាំងនោះ ត្រូវតែមានទំនួលខុសត្រូវលើការផ្សព្វផ្សាយដោយត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់ពីប្រភេទមាស៊ីនរថយន្តខ្លួនឲ្យអតិថិជន។
លោកបានកត់សម្គាល់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យ Hybrid ត្រូវបានយកមកផ្សព្វផ្សាយក្នុងវិធីផ្សេងៗគ្នានៅក្នុងទីផ្សារ។ ដោយឡែកសម្រាប់ Toyota នឹងបញ្ជាក់យ៉ាងច្បាស់ ជាពិសេសគឺភាពខុសគ្នារវាងដំណើរការនៃប្រព័ន្ធ Hybrid និង Mild Hybrid។ លោកសង្កត់ធ្ងន់ថា រថយន្ត Mild Hybrid ពុំមែនជារថយន្ត Hybrid នោះទេ។
គួរដឹងថា សម្រាប់ប្រព័ន្ធ Mild Hybrid 48V គឺប្រភពថាមពលដ៏សំខាន់របស់វា បានមកពីម៉ាស៊ីនចំហេះក្នុង និងម៉ូទ័រអគ្គិសនី តាមរយៈប្រព័ន្ធជាន់ហ្វ្រាំងសាកអាគុយឡើងវិញ ហៅថា regenerative brake។ មានន័យថា រថយន្តរត់លើម៉ាស៊ីនសាំងផង និងប្រព័ន្ធ Mild Hybrid ផង ដែលវាជួយដល់ការសន្សំសំចៃនៃការប្រើប្រាស់សាំង។
ចំណែក ប្រព័ន្ធ Hybrid ឬ Full Hybrid វិញ អាគុយក៏ត្រូវបានសាកតាមរយៈប្រព័ន្ធ regenerative brake ផងដែរ ប៉ុន្តែខុសពី Mild Hybrid ត្រង់ថា រថយន្តអាចរត់តែលើប្រព័ន្ធអាគុយសុទ្ធតែម្តង ក្នុងចម្ងាយខ្លី ឬបើកល្បឿនយឺតៗក្នុងក្រុងដែលមានការកកស្ទះជាដើម៕