យោងតាមរដ្ឋាភិបាលប្រទេសថៃលោកស្រី Paetongtarn Shinawatra បានឱ្យដឹងថា ប្រធានក្រុមហ៊ុន Toyota Motor Corp លោក Akio Toyoda បានសន្យានឹងវិនិយោគ ៥៥ ពាន់លានបាត ឫ ១,៥៤ ពាន់លានដុល្លារ នៅក្នុងប្រទេសថៃ ដើម្បីពង្រីកការផលិតរថយន្តកូនកាត់របស់ខ្លួន។
ក្នុងនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Akanat Promphan បាននិយាយថា ការវិនិយោគនេះនឹងរួមបញ្ចូលនូវខ្សែសង្វាក់ផលិតកម្មឡើងវិញ ដើម្បីគាំទ្រដល់ការផលិតទាំងម៉ាស៊ីនចំហេះខាងក្នុង និងម៉ូទ័រអេឡិចត្រិចដែលប្រើថ្មសម្រាប់រថយន្តកូនកាត់។ នេះបើយោងតាមកិច្ចប្រជុំមួយកាលពីថ្ងៃពុធរវាងលោក Akio Toyoda និងនាយករដ្ឋមន្ត្រីប្រទេសថៃលោកស្រី Paetongtarn Shinawatra នៅវិមានរដ្ឋាភិបាល។
ជាមួយគ្នានេះផងដែរ បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងការតម្រង់គោលនយោបាយរបស់ខ្លួនទៅនឹងតម្រូវការនៃឧស្សាហកម្មរថយន្ត ដើម្បីធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ទាំងក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់សម្រេចបាននូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។
លើសពីនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគាំទ្រការវិនិយោគ និងជំរុញទំនុកចិត្តក្នុងវិស័យផលិតកម្មរបស់ប្រទេសជប៉ុននៅក្នុងប្រទេសថៃ ក៏ដូចជានៅក្នុងអាជីវកម្ម ឧស្សាហកម្មពាក់ព័ន្ធ និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់ក្នុងស្រុក។
នៅក្នុងពេលនោះផងដែរ លោក Toyoda បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសម្រាប់ការគាំទ្រដ៏យូរអង្វែងរបស់ពួកគាត់ចំពោះការគាំទ្រឧស្សាហកម្មរថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃ។
គួរឲដឹងថា ក្រុមហ៊ុន Toyota បានប្រតិបត្តិការក្នុងប្រទេសថៃអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ដោយប្រទេសនេះបម្រើជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់នៅក្នុងការផលិត និងចែកចាយ។ ខណៈការលក់រថយន្តសរុបរបស់ក្រុមហ៊ុន Toyota នៅទូទាំងពិភពលោកមានចំនួន ១០,៣ លានគ្រឿង នេះបើយោងតាម Bloomberg ចំណែករថយន្តកូនកាត់មានចំនួន ៣,៥ លានគ្រឿង កើនឡើង ៣១ភាគរយ បើធៀបនឹងឆ្នាំមុន៕