កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួនបានកាត់បន្ថយផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួនសម្រាប់ឆ្នាំ២០២៦ ដោយចុះមួយភាគបី ពីចំនួន ១,៥លានគ្រឿង មកត្រឹម ១លានគ្រឿងប៉ុណ្ណោះ។
បើទោះបីពួកគេបានកាត់បន្ថយផែនការក្នុងការផលិតក៏ដោយ ក៏ពួកគេនៅតែប្តេជ្ញាថានឹងសម្រេចការផលិតរថយន្តអគ្គិសនីឲបានចំនួន ១,៥លានគ្រឿង នៅក្នុងឆ្នាំ២០២៦ និង ៣,៥លានគ្រឿង នៅឆ្នាំ២០៣០។
ចំពោះការសម្រេចចិត្តក្នុងការកាត់បន្ថយការផលិតរថយន្តអគ្គិសនីនេះ ត្រូវបានមើលឃើញថា ដើម្បីរក្សារទីផ្សារនៃការលក់រថយន្តកូនកាត់របស់ខ្លួន ស្របពេលដែលសន្ទុះនៃការលក់រថយន្តអគ្គិសនីរបស់ខ្លួនមានការធ្លាក់ចុះគួរឲកត់សម្គាល់ ពោលពួកគេលក់បានត្រឹម ១០៤ ០០០ គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំមុនឆ្នាំ២០២៣ ដែលមានចំនួនប្រហែល ១ភាគរយ ប៉ុណ្ណោះ នៃការលក់រថយន្តសរុប។
គួរឲដឹងថា ក្រុមហ៊ុន Volvo Cars របស់ស៊ុយអែតក៏បានប្រកាសពន្យាពេលក្នុងការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីផលិតរថយន្តកូនកាត់មួយចំនួនផងដែរ ខណៈនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនផ្សេងៗដូចជា Ford និង General Motors បានពន្យារពេល និងលុបចោលការផលិតម៉ូដែល EV ថ្មីៗរបស់ពួកគេ ដោយសារតែសន្ទុះនៃការលក់រថយន្តអគ្គិសនីស្ថិតនៅក្រោមការរំពឹងទុក និងបញ្ហាទាក់ទងនឹងតម្លៃផលិតខ្ពស់៕