កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា ការលក់រថយន្តសរុបរបស់ខ្លួនបានឈានដល់ចំនួន ៦ ០៨៧ ៣៥៩ គ្រឿង បើរាប់ចាប់ពីខែមករាដល់ខែកក្កដា នៃឆ្នាំ២០២៤ នេះ (រួមបញ្ចូលនូវក្រុមហ៊ុនបុត្រសម្ព័ន្ធ Hino និង Daihatsu)។ ក្នុងនោះការលក់សរុបសម្រាប់ខែកក្កដា មានចំនួន ៨៥៧ ៩៨២ គ្រឿង ហើយនៅក្នុងចំណោមរថយន្តដែលបានលក់សរុបក្នុងខែកក្កដានេះ មាន ១៤០ ៣៥២ គ្រឿង គឺត្រូវបានលក់នៅក្នុងទីផ្សារក្នុងស្រុកជប៉ុនផ្ទាល់ ហើយ ៧១៧ ៦២៩ គ្រឿង ត្រូវបានលក់នៅទូទាំងពិភពលោក។
គួរឲដឹងថា ក្នុងចំណោមរថយន្តដែលបានលក់សរុបទាំង ៦ ០៨៧ ៣៥៩ គ្រឿង របស់ក្រុមហ៊ុន Toyota គឺមានរថយន្តកូនកាត់ចំនួន ២ ២៦៤ ៤៦៩ គ្រឿង។ ដែលក្នុងនោះ ការលក់រថយន្តកូនកាត់របស់ក្រុមហ៊ុន Toyata មានការកើនឡើងជាខ្លាំងដោយរថយន្តកូនកាត់ mild hybrid កើនឡើងចំនួន ៣៩ ៩៥៧ គ្រឿង រថយន្ត Plug-in Hybrid ចំនួន ៨៤ ១២០ គ្រឿង និងរថយន្តអគ្គិសនី (BEV) ចំនួន ៨៤ ៣៧៦ គ្រឿង។
សម្រាប់ការផលិតរបស់ក្រុមហ៊ុន Toyota វិញ បានផលិតរថយន្តសរុបចំនួន ៥ ៤៥៣ ៤៧២ គ្រឿង រាប់ចាប់ពីខែមករា ដល់ខែកក្កដា ហើយក្នុងចំណោមនេះ រថយន្តចំនួន ១ ៨១៧ ៥៣៤ គ្រឿង ត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន ខណៈដែលរថយន្តចំនួន ៣ ៦៣៥ ៩៣៨ គ្រឿង ទៀតគឺត្រូវបានផលិតនៅក្រៅប្រទេស។
គួរបញ្ជាក់ថា នៅក្នុងតំបន់ក្រៅប្រទេស អាមេរិកខាងជើង គឺជាតំបន់ដែលក្រុមហ៊ុនបានផលិតរថយន្តបានច្រើនជាងគេពោលគឺចំនួន ១ ២១១ ៤៩៨ គ្រឿង ខណៈនៅអាស៊ីមានចំនួន ១ ៦៥០ ៦៥៧ គ្រឿង ចំណែកនៅអឺរ៉ុបមានចំនួន ៥១១ ៦៩៣ គ្រឿង។ ក្នុងនោះទៀតសោក សម្រាប់ការផលិតរថយន្តនៅអាស៊ី ប្រទេសថៃមានចំនួនផលិតច្រើនជាងគេគឺ ៣១៨ ២៦០ គ្រឿង ខណៈដែលប្រទេសហ្វីលីពីនផលិតបានតែចំនួន ៣៧ ៤៣៤ គ្រឿង ប៉ុណ្ណោះ៕