[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់ដេញថ្លៃរថយន្ត Tundra Capstone និង Tundra TRD Pro ដើម្បីធ្វើការគាំទ្រដល់អត្តពលកម្មប៉ារ៉ាឡាំពិក។ ខណៈពេលនេះ Toyota បានទទួលប្រាក់បានជាង ១,២ លានដុល្លារសម្រាប់មូលនិធិប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិករបស់ខ្លួននៅឯការដេញថ្លៃ Scottsdale របស់ Barrett-Jackson។
សម្រាប់ការដេញថ្លៃរបស់ Tundra Capstone ជាមួយដែលមានលេខ VIN 001 ដេញថ្លៃបាន ៧០០ ០០០ដុល្លារ ខណៈពេលដែល Tundra TRD Pro ដែលមានលេខ VIN 002 ទទួលបាន ៥៥០ ០០០ដុល្លារ។ ក្នុងនោះ អ្នកឈ្នះការដេញថ្លៃនឹងទទួលបានការធ្វើដំណើរដែលរៀបចំដោយក្រុមហ៊ុន Toyota ទៅកាន់ Park City សម្រាប់កម្មវិធីពិសេសដើម្បីលើកទឹកចិត្តដល់អត្តពលិកក្រុមសហរដ្ឋអាមេរិកដែលទៅប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា។
ប្រាក់ដែលទទួលបានពីការដេញថ្លៃបានផ្តល់ឲ្យទៅមូលនិធិ Toyota US Paralympic Fund ដែលត្រូវបានបង្កើតដោយក្រុមហ៊ុនក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីគាំទ្រដល់អត្តពលិករបស់ក្រុមប៉ារ៉ាឡាំពិកសហរដ្ឋអាេមរិច។ បើគិតមកដល់ពេលនេះ ការដេញថ្លៃនេះបានជួយដល់អត្តពលិកជាង ៣៤០ នាក់នៅទូទាំងប្រទេស។ ដោយការលក់រថយន្តភីកអាប់ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់មូលនិធិដែលឥឡូវនេះបានប្រមូលថវិកាសរុបចំនួន ៤,៩ លានដុល្លារ។
ជាថ្មីម្តងទៀត រថយន្តភីកអាប់ទាំងពីរនេះ ដំណើរការដោយម៉ាស៊ីនថ្មី i-Force Max ប្រភេទ hybrid ចំណុះ ៣,៥ លីត្រ Twin-Turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនី១ ដែលរួមញ្ចូលគ្នាអាចបង្កើតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ៕