Toyota ទទួលបានលទ្ធផលល្អជាថ្មីម្ដងទៀតប្រចាំខែតុលា

កាល​ពី​ខែ​កញ្ញា​​កន្លង​ទៅ Toyota អាច​បង្កើន​ចំនួន​លក់​បាន​ច្រើន​ជាង​ខែ​កញ្ញា​ឆ្នាំ ២០១៩ ទោះ​បី​​ស្ថានភាព​ជំងឺ​កូវីដ​១៩​មិន​ទាន់​ស្ងប់ស្ងាត់​ក្ដី។ ជា​ថ្មី​ម្ដង​ទៀត​ចំនួន​លក់​លើ​សកលលោក​របស់ Toyota ប្រចាំ​ខែ​តុលា​ បាន​បន្ត​កើន​ឡើង ៨% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

Toyota បាន​លើក​ឡើង​ថា​​តម្រូវ​ការ​ខ្ពស់​លើ​រថយន្ត​ Camry និង RAV4 នៅ​សហរដ្ឋអាមេរិក រួម​ទាំង​​កំណើន​នៃ​ការ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​បាន​លទ្ធផល​ល្អ។ ត្បិត​ថា​រថយន្ត SUV កំពុង​តែ​ត្រូវ​ប៉ាន់​លើ​ទីផ្សារ ប៉ុន្តែ​រថយន្ត​ Camry ដែល​ជា​ប្រភេទ Sedan នៅ​តែ​លក់​ដាច់​បាន​ច្រើន​ដដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​ខែ​តុលា ក្រុមហ៊ុន Toyota អាច​លក់​ចេញ​រថយន្ត​បាន​សរុប ៩២៧ ៦២៣​គ្រឿង​នៅ​ទូទាំង​សកល​លោក​ ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ម៉ាក Daihatsu និង Hino ផង​ដែរ។ ចំណែក​រថយន្ត​ដែល​ផលិត​បាន​សរុប​គឺ​មាន​ចំនួន ៩៧៩ ២៣២គ្រឿង។

បូក​សរុប​ចំនួន​លក់​របស់​ Toyota ចាប់​ពី​ខែ​​មករា​ដល់​ខែ​តុលា​ឆ្នាំ ២០២០ គឺ​​នៅ​មាន​ការ​ធ្លាក់​ចុះ ១៤,៦% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។ យ៉ាងណាក្ដី​​ការ​ធ្លាក់​ចុះ​នេះ​ចាប់​ផ្ដើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​ ដោយ​សារ​បើ​គិត​ពី​ខែ​មករា​ដល់​ខែ​កញ្ញា ការ​ធ្លាក់​ចុះ​គឺ​មាន​ចំនួន ១៧% ឯណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម