Toyota ទំនងអាចគ្រងតំណែងលេខមួយ បីឆ្នាំជាប់គ្នា

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota កំពុងតែស្ថិតនៅ​ក្នុង​ស្ថានភាព​ល្អ​មួយ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិតរថយន្តធំលំដាប់​លេខ​មួយ​រយៈពេលបី​ឆ្នាំ​ជាប់គ្នា បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្ដើមទំព័រឆ្នាំ២០២២យ៉ាងខ្លាំងក្លាជាង Volkswagen Group។

រយៈពេលបួនខែដំបូងនៃឆ្នាំនេះ Toyota អាចលក់ចេញរថយន្តបានសរុប ៣ ៤២៩ ៦៣៦គ្រឿង រាប់បញ្ចូល​ទាំង​រថយន្ត​របស់​ម៉ាក Daihatsu និង Hino ផងដែរ។ ត្បិតថាតួលេខនេះធ្លាក់ចុះ ៥,៨% ធៀបនឹង៤ខែដំបូងនៃ​ឆ្នាំ២០២១ ប៉ុន្តែ Toyota នៅ​អាច​នាំ​មុខ​គូប្រជែងបានយ៉ាងងាយ ដោយមានចំនួនលក់លើសគូប្រជែងជាង ១លានគ្រឿងឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ២០២២នេះ មានរថយន្តសរុប ១ ២៧៥ ៥៧០គ្រឿង ត្រូវបាន Toyota ផលិតបាននៅ​ប្រទេសចិន ខណៈដែល​រថយន្ត ២ ១៩៩ ១៣៦គ្រឿង ផលិតបាននៅទីផ្សារបរទេស។ ផលិតកម្មលើ​ទីផ្សារបរទេសមានការកើនឡើង ៤,៧% ខណៈដែលការផលិត​ក្នុង​ស្រុកថយចុះ ១២,៤%។ ការផលិតសរុបគឺមានចំនួន ៣ ៤៧៤ ៧០៦គ្រឿង ដែលថយចុះ ២,៣%។

ក្នុងកម្រិតបច្ចុប្បន្ននេះ Toyota ទំនងជាអាចផលិតរថយន្តបានជាង ១០,៤លានគ្រឿង នៅពេញមួយ​ឆ្នាំ២០២២នេះ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​គ្រងតំណែងជាក្រុមហ៊ុន​ផលិត​រថយន្ត​លេខមួយ​ក្នុង​លោក។

គួរដឹងថា ហេតុផលមួយដែល Volkswagen Group ធ្វើមិន​សូវបានល្អ​ដូចជា Toyota ក៏​ដោយ​សារ​ក្រុមហ៊ុន Volkswagen Group មាន​ចំណែក​ទីផ្សារច្រើននៅ​លោក​ខាង​លិច ដែលជាតំបន់មួយ​កំពុងប្រឈមនឹង​បញ្ហាផ្គត់ផ្គង់ ដោយសារ​វិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលកំពុងបន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម