[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធចំនួន ២ ម៉ូដែលរួមមាន Toyota bZ3C និង Toyota bZ3X ប្រភេទ Crossover នៅឯពិព័រណ៍រថយន្ត Beijing Auto Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។
សម្រាប់រថយន្ត bZ3C គឺជាប្រភេទ Crossover ដែលត្រូវបានផលិតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន BYD, FAW, និង Intelligent ElectroMobility R&D Center នៅក្នុង Toyota ។ វាជាប្រភេទ Crossover រាងស្លីមដែលមានលក្ខណៈស្រដៀងគ្នានឹង bZ4X និង Prius ខណៈ bZ3X មានទំហំធំជាង bZ3C ជាមួយការឌីស្សាញខុសពីគ្នា ដែលត្រូវបានផលិតឡើងជាមួយក្រុម Guangzhou Automobile Group ។
ចំពោះនៅផ្នែកខាងក្នុងវិញរបស់ម៉ូដែលទាំង ២ នេះ ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារទូទៅ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង ដំបូលកញ្ចក់ Panoramic glass roof ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរជំនាន់ចុងក្រោយគេផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ Toyota bZ3c និង Toyota bZ3X នឹងធ្វើការចេញលក់ជាផ្លូវការសម្រាប់តែទីផ្សារប្រទេសចិននៅក្នុងឆ្នាំ ២០២៥ ខណៈតម្លៃនៅមិនទាន់ដឹងនៅឡើយនោះទេ៕