Toyota និង Subaru ប្រាប់ម្ចាស់ឡានអគ្គិសនី bZX4 និង Solterra ឲ្យឈប់បើកភ្លាមៗ ព្រោះអាចរបូតកង់

ក្រុមហ៊ុន Subaru និង Toyota កំពុងប្រមូលរថយន្តអគ្គិសនីថ្មីរបស់ពួកគេ ជាង ៥ ៣០០ គ្រឿងនៅទូទាំងពិភពលោក ត្រលប់ចូលរោងចក្រវិញ ដោយសារតែហានិភ័យនៃកង់មួយ ឬច្រើន អាចរលុង និងរបូតចេញមក។

យោងតាមរបាយការណ៍ពី Reuters បានឲ្យដឹងថា ក្រុមហ៊ុន Toyota បានប្រកាសការប្រមូលមកវិញទៅកាន់ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន ហើយនឹងធ្វើដូច្នេះជាមួយ NHTSA ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម ២ ៧០០ គ្រឿងនៃរថយន្តអគ្គិសនី bZ4X ដែលរងផលប៉ះពាល់ ក្នុងនោះមាន ២៦០គ្រឿង ត្រូវបានផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក, ២ ២០០គ្រឿងសម្រាប់អឺរ៉ុប, ១១០គ្រឿងសម្រាប់ប្រទេសជប៉ុន និង ២០គ្រឿងសម្រាប់ប្រទេសកាណាដាជាមួយនឹងទីផ្សារផ្សេងទៀត នៅជុំវិញពិភពលោក។

ដោយឡែក ក្រុមហ៊ុន Subaru និយាយថា ខ្លួនបានប្រមូលរថយន្ត Solterra EV ចំនួន ២ ៦០០ គ្រឿងនៅទូទាំងពិភពលោក ប៉ុន្តែមិនជាក់លាក់អំពីចំនួនគ្រឿងដែលត្រូវបានផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិកឡើយ។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Subaru បាន​និយាយ​ថា រថយន្ត​ភាគ​ច្រើន​គឺ​សម្រាប់​អ្នក​ចែក​ចាយ ហើយ​មិន​មាន​ការ​ដឹក​ជញ្ជូន​ដល់​អតិថិជន​នៅ​ពេល​នេះ​ទេ។

សូមបញ្ជាក់ម្តងទៀតថា ចំណុចសំខាន់នៃបញ្ហាខាងលើ គឺបណ្តាលមកពីប៊ូឡុងមួយដែលអាចធូរ និងអាចបណ្តាលឲ្យរបូតកង់។ ក្រសួងដឹកជញ្ជូនក្នុងប្រទេសជប៉ុនបានលើកឡើងជាពិសេស អំពីរបៀបដែលការបត់ខ្លាំង និងការចាប់ហ្វ្រាំងភ្លាមៗ អាចរួមចំណែកដល់គ្រោះថ្នាក់ ហើយបានណែនាំថា រថយន្តទាំងអស់នោះគួរតែចតទុកចោលសិន ហើយចាំរហូតដល់អាចដោះស្រាយបញ្ហាបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម