[បរទេស] យោងតាមគេទំព័រ Bestcarweb.jp បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានពង្រឹងយុទ្ធសាស្ត្ររថយន្តអគ្គិសនីរបស់ខ្លួន កំពុងស្ថិតក្នុងការអភិវឌ្ឍន៍តាមរយៈការសហការជាមួយក្រុមហ៊ុន Suzuki ដោយមានពាក្យចចាមអារ៉ាមថាគឺជារថយន្តអគ្គិសនី Toyota bZ ប្រភេទ Crossover ខ្នាតតូច គ្រោងបង្ហាញខ្លួននៅឆ្នាំ ២០២៥ ។
គួរឲ្យដឹងថា ក្រុមហ៊ុន Toyota បាននិយាយថាគំរូ bZ Small Crossover ដែលត្រូវបានដាក់បង្ហាញចេញកាលពីចុងឆ្នាំ ២០២១ ជាមួយគំរូរថយន្តចំនួន ១៥ ម៉ូដែល ត្រូវបានរចនាឡើងដោយផ្តោតលើទីផ្សារអឺរ៉ុប និងជប៉ុន ដែលស្របតាមរបាយការណ៍ចុងក្រោយបំផុត ហើយបានបញ្ជាក់ថាវាផ្អែកលើគ្រោងឆ្អឹង eTNGA មានប្រវែងតួខ្លួនសរុបចន្លោះរវាងរថយន្ត Toyota Aygo X និង Toyota Yaris Cross ពោលគឺប្រវែង ៣ ៧០០ ម.ម និង ៤១ ៨០ ម.ម។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Toyota និង Suzuki មានទំនាក់ទំនងជិតស្និទ្ធ ដោយចូលរួមក្នុងការអភិវឌ្ឍន៍រថយន្តទៅវិញទៅមក និងការផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវការទីផ្សាររៀងៗខ្លួននៅទូទាំងពិភពលោក។ គម្រោងសហការជាច្រើនរវាងក្រុមហ៊ុនទាំងពីរមានរួចហើយសម្រាប់ការទិញនៅក្នុងតំបន់រួមមានអឺរ៉ុប ឥណ្ឌា អាហ្វ្រិកខាងត្បូង និងអាស៊ីអាគ្នេយ៍ ៕