Toyota នឹងហៅឡាន ៣,៤លានគ្រឿងចូលវិញ ព្រោះពោងសុវត្ថិភាពអាចអត់ផ្ទុះពេលគ្រោះថ្នាក់

ក្រុមហ៊ុន Toyota Motor បានឲ្យដឹងនៅថ្ងៃអង្គារ ទី២១ មករា ២០២០ នេះថា ខ្លួននឹងហៅរថយន្តចំនួន ៣,៤លានគ្រឿង នៅទូទាំងពិភពលោក (មិនមានរថយន្តដែលនាំចូលស្របច្បាប់ដោយក្រុមហ៊ុនក្នុងស្រុកខ្មែរឡើយ) ដោយសារតែកំហុសផ្នែកអេឡិចត្រនិច ដែលធ្វើឲ្យពោងសុវត្ថិភាពអាចនឹងមិនផ្ទុះឡើងពេលជួបគ្រោះថ្នាក់។

ការកោះហៅចូលវិញនោះរួមមាន រថយន្តនៅសហរដ្ឋអាមេរិកសរុប ២,៩លានគ្រឿង ដូចជាម៉ូដែល Corolla ឆ្នាំ២០១១-២០១៩, Matrix ឆ្នាំ២០១១-២០១៣, Avalon ឆ្នាំ២០១២-២០១៨ និង Avalon Hybrid ឆ្នាំ២០១៣-២០១៨ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ NHTSA បានប្រាប់ឲ្យដឹងថា ពួកគេបានរកឃើញគ្រោះថ្នាក់ (បុកពីមុខ) ចំនួន២ ពាក់ព័ន្ធនឹងរថយន្ត Toyota Corolla ស៊េរីថ្មី ដែលពោងសុវត្ថិភាពមិនបានផ្ទុះឡើងឡើយ។

មិនតែប៉ុណ្ណោះ NHTSA ក៏បានឲ្យដឹងដែរថា ពោងសុវត្ថិភាពដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតនេះ ត្រូវបានបំពាក់លើរថយន្តជាង ១២លានគ្រឿង ផលិតចាប់ពីឆ្នាំ២០១០ ដល់ ២០១៩ ដែលលក់ដោយក្រុមហ៊ុន Toyota, Fiat Chrysler Automobiles, Honda Motor, Hyundai Motor, Kia Motors និង Mitsubishi ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម