
[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានបង្ហាញចេញរូបភាពថ្មីមួយទៀតជាការបង្ហាញតម្រុយពីរូបរាងខាងក្រោយរបស់រថយន្ត Prius ជំនាន់ថ្មីដែលនឹងទទួលបានការផ្លាស់ប្ដូររូបរាងថ្មី ពេលប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។

រូបភាព Teaser ថ្មីចុងក្រោយ បានបង្ហាញពីរូបរាងខាងក្រោយដែលមានបំពាក់អំពូលភ្លើងវែងប្រភេទ LED ស្រដៀងនឹងការឌីហ្សាញដែលប្រើប្រាស់លើរថយន្ត Crown ជំនាន់ថ្មីអ៉ីចឹងដែរ ខណៈដែលរូបភាព Teaser មុនៗបានឲ្យតម្រុយពីផ្នែកខាងមុខដែលស្រដៀងនឹង Crown ជំនាន់ថ្មីដូចគ្នា។

Prius ជំនាន់ថ្មីត្រូវបានក្រុមហ៊ុន Toyota ហៅថាជាការកើតឡើងវិញនៃ Hybrid ដែលមានន័យថារថយន្តថ្មីនេះនឹងទទួលបានការផ្លាស់ប្ដូរធំ មិនមែនតែលើការឌីហ្សាញរូបរាងនោះទេ ប៉ុន្តែអាចមានការអភិវឌ្ឍថ្មីលើបច្ចេកវិទ្យា Hybrid របស់វាផងដែរ។
គួរដឹងការប្រកាសចេញរថយន្ត Prius នេះនឹងមានផ្សាយផ្ទាល់លើបណ្ដាញ YouTube ដែលត្រូវនឹងវេលាម៉ោង ១១៖២០នាទី ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា នៅកម្ពុជា។ ដូចនេះរង់ចាំតាមដានទាំងអស់គ្នាថា Prius ជំនាន់ថ្មីមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ៕





















