[បរទេស] ក្រុមហ៊ុនកែឆ្នៃរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ីមានឈ្មោះថា New Armada បានធ្វើការកែពីរថយន្តភីកអាប់ Toyota Hilux Champ ទៅជាប្រភេទ SUV ឲ្យឈ្មោះថា Hilux Rangga នឹងដាក់ជាផ្លូវការដោយក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសនេះ (Toyota Astra Motor) ជាមួយតម្លៃខ្ទង់ ២៥ ០០០ ដុល្លារ នៅឆ្នាំ ២០២៥ ។
Toyota Hilux Rangga ផលិតឡើងនៅលើគ្រោងឆ្អឹង IMV ladder-frame ដំណើរដោយម៉ាស៊ីនចំហេះក្នុងចំនួន ២ ជម្រើសរួមមាន៖ ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៧ សេះ និហម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៨ សេះ ទាំង ២ នេះ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ ឬលេខអូតូ ៦វគ្គ។
Toyota Hilux Rangga នៅផ្នែកខាងមុខនៅតែរក្សាការឌីស្សាញដើមរបស់ម៉ូដែលភីកអាប់ ក្រៅពីនោះត្រូវបានឌីស្សាញឡើងវិញទាំងស្រុងមានលក្ខណៈបែបជ្រុង ជាក់ស្តែងដូចជាកញ្ចក់ចំហៀង បន្ថែមនៅប្រអប់ក្រោយជាមួយអក្សរឡូហ្គោ Rangga ក៏ដូចជាកាង roof-rail ព្រមទាំងប្រើប្រាស់នៅថាសកង់ថ្មីផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងមិនមានការផ្លាស់ប្តូរការឌីស្សាញនោះទេ ដោយគ្រាន់តែបានបន្ថែមកៅអីទៅជាប្រភេទកាប៊ីន ៣ជួរ ជាមួយកៅអីស្រោបដោយស្បែកខុសពីម៉ូដែលភីកអាប់ ព្រមទាំងបន្ថែមនៅអេក្រង់កំសាន្ត touchscreen ផងដែរ ៕