Toyota បញ្ចេញឡានវ៉ែនអគ្គិសនីថ្មី សាកម្ដងជិះបាន ២៨០គ.ម

ក្រុមហ៊ុន Toyota បានបង្ហាញចេញរថយន្ត Proace City ប្រភេទអគ្គិសនីសម្រាប់ទីផ្សារអឺរ៉ុប ដែលរំពឹងថានឹងបញ្ចេញលក់លើទីផ្សារនៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២១នេះ។

រថយន្ត Proace City អគ្គិសនីស៊េរីឆ្នាំ២០២១នេះ មានប្រើប្រាស់ប្រព័ន្ធអគ្គិសនីដូចជារថយន្ត Proace Verso ដែរ ដោយវាមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនមួយដែលបង្វិលកង់មុខ អាចផលិតកម្លាំងបាន ១៣៤សេះ ជាមួយអាគុយដែលមានចំណុះ ៥០គីឡូវ៉ាត់ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ១១,២វិនាទី ឬ ១១,៧វិនាទី អាស្រ័យលើប្រភេទដែលជ្រើសរើស និងមានល្បឿនអតិបរមា ១៣៥គ.ម/ម៉។ បន្ថែមពីនេះដែរ វាអាចបើកបរបានចម្ងាយពី ២៦០ ទៅ ២៨០គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ។

ការសាក្លើងដោយប្រើប្រាស់ដុំសាកប្រភេទ Single-Phase អាចប្រើប្រាស់ពេល ៧,៥ម៉ោង ប៉ុន្តែបើប្រើដុំសាក Three-Phase អាចចំណាយពេលត្រឹម ៥ម៉ោង។ អាគុយនេះដែរក៏ទ្រាំទ្រការសាកកម្លាំង ១០០kW ផងដែរ ដែលអាចសាកដល់ ៨០% ក្នុងពេល ៣០នាទី។

រថយន្ត Proace City អគ្គិសនីនេះនឹងបង្ហាញតម្លៃលក់ មុនពេលដែលវារៀបនឹងប្រកាសចេញលក់ជាផ្លូវការលើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម