Toyota បើករោងចក្រអាគុយនៅអាមេរិកហើយ ពេលនេះកំពុងរង់ចាំ EV កៅអី៣ជួរថ្មី

ក្រុមហ៊ុន Toyota បានបើកសម្ពោធរោងចក្រអាគុយរបស់ខ្លួនហើយ ដែលមានតម្លៃ ១៣,៩ពាន់លានដុល្លារ នៅរដ្ឋការ៉ូលីណាខាងជើង នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ បន្ទាប់ពីប្រកាសសាងសង់​កាលពីឆ្នាំ​២០២១។

រោងចក្រនេះ ជាទីតាំងផលិតទី១១ របស់ Toyota ប៉ុន្តែជារោងចក្រអាគុយទី១ របស់ក្រុមហ៊ុន​យក្សជប៉ុន​មួយនេះ នៅអាមេរិក ដែលជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការឆ្ពោះទៅរករថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរោងចក្រ​នេះមានសមត្ថភាពអាចផលិតអាគុយលីចូម (lithium-ion) ប្រមាណ ៣០GWh ឯណោះក្នុង១ឆ្នាំរហូតដល់ឆ្នាំ២០៣០ ដែល​នឹងគាំទ្រ​ដល់​ខ្សែចង្វាក់ផលិតកម្មរថយន្តប្រភេទ Hybrid, PHEV និងអគ្គិសនីសុទ្ធរបស់ Toyota។

ស្របពេលជាមួយគ្នានេះ កាលពីខែកញ្ញាកន្លងទៅ Toyota ក៏បានប្រកាសដាក់ទុនបន្ថែម​ចូលក្នុងរោងចក្រ​​ Kentucky ដើម្បីផលិតរថយន្តអគ្គិសនីថ្មីកៅអី៣ជួរ ២ម៉ូឌែល ដោយផ្អែកលើ RAV4 និង Land Cruiser ដែល​គ្រោងនឹងផលិតនៅអំឡុងឆ្នាំ ២០២៦ ឬ ២០២៧។

ការផលិតរថយន្តអគ្គិសនី​របស់ Toyota នៅអាមេរិក គឺដើម្បីបញ្ចៀសនូវការជាប់ពន្ធគយលើរថយន្តដែលនាំចូលពីជប៉ុន ហើយក៏បានជួយកាត់បន្ថយថ្លៃដឹកជញ្ជូនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម