Toyota បោះទុន ៣២៨ លានដុល្លារបន្ថែម ដើម្បីសាងសង់រោកចក្រផលិត Tacoma ប្រភេទ hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងវិនិយោគនៅទឹកប្រាក់ប្រមាណ ៣២៨ លានដុល្លារបន្ថែមទៀតនៅក្នុងរោងចក្រមួយនៅភាគកណ្តាលនៃរដ្ឋ Guanajuato របស់ប្រទេសម៉ិកស៊ិកកូដែលសរុបពីមុនទាំងអស់ស្មើ ១,២ ពាន់លានដុល្លារ ខណៈដែលខ្លួនកំពុងសម្លឹងមើលការកែសម្រួលដំណើរការផលិតរបស់ខ្លួនសម្រាប់ម៉ូដែលកូនកាត់ថ្មីនៃរថយន្តភីកអាប់ Tacoma របស់ខ្លួន នេះបើយោងតាមសារព័ត៌មាន Reuster ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota បាននិយាយថា “កំណែថ្មីនៃរថយន្ត Tacoma Pickup នៅក្នុងប្រទេសម៉ិកស៊ិកនឹងប្រើប្រាស់ម៉ាស៊ីនកូនកាត់ នឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រអគ្គិសនីរបស់ក្រុម” ។ លើសពីនេះ ក្រុមហ៊ុន Toyota បានបញ្ជាក់ថា ការវិនិយោគដែលបានរៀបរាប់ខាងលើ ក៏នឹងជួយកែសម្រួលការផលិតម៉ូដែល Tacoma ថ្មីសម្រាប់ទីផ្សារអាមេរិកខាងជើងនាពេលអនាគតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ប្រទេសម៉ិកស៊ិកកូត្រូវបានគេចាត់ទុកថាជារោងចក្រផលិតរថយន្តអគ្គិសនីដ៏សំខាន់ ប៉ុន្តែភាគច្រើននាំចេញផលិតផលទៅកាន់ប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ដោយសារតែរថយន្តអគ្គិសនីមានតម្លៃថ្លៃពេកនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលបណ្តាញស្ថានីយ៍សាកថ្មនៅក្នុងប្រទេសអាមេរិកខាងជើងនេះពិតជាមិនទាន់ពេញលេញនៅឡើយ។ ដោយបច្ចុប្បន្ននេះ ប្រទេសម៉ិកស៊ិកមានស្ថានីយ៍សាកថ្មប្រហែល ១ ១០០ ស្ថានីយ៍ នៅក្នុងទីក្រុងធំៗប៉ុណ្ណោះ ។

មិនត្រឹមតែក្រុមហ៊ុន Toyota នោះទេ ក្នុងនោះ ក្រុមហ៊ុន Tesla ក៏បានបង្ហាញពីផែនការសាងសង់រោងចក្រ Gigafactory នៅក្នុងប្រទេសម៉ិកស៊ិកកូក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកផលិតកម្មសកលរបស់ខ្លួនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម