Toyota ប្រកាសចេញកូនឡានថ្មីម៉ូដែល Aygo X

Toyota បានប្រកាសចេញរថយន្តខ្នាតតូចថ្មីម៉ូដែល Aygo X ដែលជា​រថយន្តថ្មីនៃប្រភេទរថយន្ត A-Segment ដោយវានឹង​ចេញលក់លើទីផ្សារអឺរ៉ុបនៅក្នុងឆ្នាំ២០២២ ជាមួយជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ។

រថយន្តថ្មីនេះ​មាន​​ប្រវែង ៣៧០០ម.ម ទទឹង ១៧៤០ម.ម កម្ពស់ ១៥២៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៤៣០ម.ម ខណៈដែលទម្ងន់របស់វាគឺមានត្រឹម ៩៤០គីឡូក្រាមប៉ុណ្ណោះ។ វាបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GA-B ដូចដែលមានលើរថយន្ត Yaris និង Yaris Cross ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងក្នុងនៃរថយន្តនេះមានបំពាក់អេក្រង់ Touch ទំហំ៩អ៉ីញដែលមានបង្កប់ដោយមុខងារកម្សាន្ត Toyota Smart Connect ដែលគាំទ្រ Android Auto និង Apple CarPlay, អាចធ្វើការអាប់ដេតបាន និងមានប្រព័ន្ធនាំផ្លូវថែមទៀតផង។

សម្រាប់ផ្នែកសុវត្ថិភាពវិញវាមានបំពាក់មកជាមួយនូវ Toyota Safety Sense ដែលមាននូវមុខងារ Pre-Collision System (PCS) ជាមួយសមត្ថភាពចាប់សញ្ញារថយន្ត, Pedestrian Detection ទាំងពេលថ្ងៃនិងពេលយប់, Cyclist Detection នាពេលថ្ងៃ, Collision Mitigation Support, Intelligent Adaptive Cruise Control, Lane Trace Assist និង Emergency Steering Assist ផងដែរ។

រថយន្តនេះប្រើប្រាស់ម៉ាស៊ីនចំណុះ ១,០លីត្រ ៣ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៧១សេះ ហើយវាមានកម្រិតស៊ីប្រេងជាមធ្យម ៤,៧លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ សម្រាប់រថយន្តលេខដៃ និងស៊ីប្រេង ៤,៩លីត្រ សម្រាប់លេខ CVT។ វានឹងចេញលក់នៅអឺរ៉ុបនៅឆ្នាំ២០២២ ខណៈដែលតម្លៃលក់នឹងប្រកាសពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម