រថយន្ត Toyota bZ4X ដែលជារថយន្តអគ្គិសនីសុទ្ធ បានបង្ហាញរូបរាងសម្រាប់ទីផ្សារអឺរ៉ុបជាផ្លូវការ មុនការចេញលក់លើទីផ្សារនាឆ្នាំក្រោយនេះ។
អតិថិជននៅអឺរ៉ុបនឹងមានជម្រើសកម្លាំងពីរប្រភេទដូចជានៅសហរដ្ឋអាមេរិកដែរ ដោយទីមួយគឺប្រភេទប្រើម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ២០១សេះ និងមួយទៀតប្រើម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបាន ២១៥សេះ ដែលមួយមានអាគុយទំហំ ៧១,៤kWh និងមួយទៀតមានអាគុយ ៧២,៨kWh។
Toyota អះអាងថា bZ4X នឹងមានសមត្ថភាពអាចបើកបរបានចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រ លើការសាកល្បងនៅអឺរ៉ុប ហើយអាគុយរបស់វាអាចសាកបានដល់ ៨០% ក្នុងពេលប្រមាណ៣០នាទី ដោយប្រើប្រាស់ប្រព័ន្ធសាកភ្លើងលឿន ១៥០kW។
Toyota នឹងផ្ដល់ជូនកម្មវិធីថែទាំងរយៈពេលវែងសម្រាប់រថយន្តអគ្គិសនីនេះ ដែលនឹងធានាថាអាគុយរបស់រថយន្តនឹងមានសមត្ថភាពអាចផ្ទុកថាមពលបាន ៧០% ធៀបនឹងសមត្ថភាពដើម ក្រោយការប្រើរយៈពេល១០ឆ្នាំ ឬក្រោយការបើកបាន១លានគីឡូម៉ែត្រ។
ដោយឡែកចំពោះតម្លៃរបស់ bZ4X ខាងក្រុមហ៊ុន Toyota នៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕