Toyota បានលក់ចេញរថយន្ត Corolla បានសរុបចំនួន៥០លានគ្រឿង នៅចាប់ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ២០២១ ហើយដើម្បីអបអរសមិទ្ធផលនេះ ក្រុមហ៊ុនបានប្រកាសចេញរថយន្ត Corolla ពិសេសនៅប្រទេសជប៉ុនដែលដាក់ឈ្មោះថា “50 million edition”។
រថយន្តពិសេសនេះមានដាក់លក់ជាប្រភេទ Corolla (sedan ទ្វារបួន), Corolla Sport (hatchback ទ្វារប្រាំ) និងប្រភេទ Corolla Touring (estate) ផងដែរ។ នៅផ្នែកខាងក្នុងរថយន្តនេះនឹងមានផ្លាកសម្គាល់ “50 Million Edition” ហើយវាមានបំពាក់មកជាស្តង់ដារនូវអេក្រង់កម្សាន្តទំហំ៩អ៉ីញ មានឧបករណ៍បំពងសំឡេងចំនួន៦ ប្រព័ន្ធបន្សុទ្ធខ្យល់ និងមុខងារទំនើបដទៃទៀត។
រថយន្តស៊េរីពិសេសនេះបានបំពាក់ដោយប្រព័ន្ធ hybrid របស់ Toyota ដែលមានម៉ាស៊ីន ១,៨លីត្រ ផ្សំជាមួយម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបានសរុប ១២១សេះ និងបញ្ចូនកម្លាំងទៅកង់មុខតាមរយៈប្រអប់លេខ CVT។ វាក៏មានជម្រើសប៉ុងពីរ E-Four ផងដែរ ដែលមានសមត្ថភាពផលិតកម្លាំងដូចគ្នា។
លើទីផ្សារប្រទេសជប៉ុនរថយន្ត Corolla 50 Million Edition នេះមានតម្លៃចាប់ពីប្រមាណ ២៤ ៧៧១ដុល្លារ សម្រាប់ Corolla Sport, តម្លៃចាប់ពីប្រមាណ ២៤ ៨១៤ដុល្លារ សម្រាប់ Corolla និងចាប់ពីប្រមាណ ២៥ ២៤៨ដុល្លារ សម្រាប់ Corolla Touring៕