Toyota ប្រាប់ច្បាស់ៗពីកម្រិតស៊ីប្រេងឡាន Prius ស៊េរីឆ្នាំ២០២៣

[ទីផ្សារបរទេស] ក្រោយពីបានប្រកាសចេញតាមរយៈការផ្សាយផ្ទាល់លើបណ្ដាញ YouTube សម្រាប់ទីផ្សារប្រទេសជប៉ុនរួច ពេលនេះ Toyota បានប្រកាសចេញរថយន្ត Prius ជំនាន់ថ្មីនៅក្នុងកម្មវិធី Los Angeles Auto Show សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយបានប្រាប់បន្ថែមពីព័ត៌មានសំខាន់មួយ។

រថយន្ត Prius ស៊េរីឆ្នាំ២០២៣សម្រាប់ទីផ្សារអាមេរិក មានបំពាក់ម៉ាស៊ីន ២,០លីត្រ ៤ស៊ីឡាំង ចូលរួមដោយអាលុយលីចូម-អ៉ីយ៉ុងថ្មីដែលមានថាមពលខ្លាំងក្លាជាងមុន ១៥% ទោះបីជាមានទម្ងន់ស្រាល និងតូចជាងអាគុយនីកែល-ដែកពីមុនក្ដី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Prius ស៊េរីថ្មីនេះអាចផលិតកម្លាំងបាន ១៩៤សេះ ដែលខ្លាំងក្លាជាងមុន ៧៣សេះ អាចឲ្យវាស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៧,២វិនាទី ដែលលឿនជាងមុនប្រមាណ ២,៦វិនាទី។

ត្បិតថាខ្លាំងក្លា និងលឿនជាងមុន ប៉ុន្តែរថយន្ត Prius ស៊េរីថ្មីនៅតែអាចរក្សាសមត្ថភាពសន្សំសំចៃប្រេងបានល្អ ដោយ Toyota បានប៉ាន់ស្មានថារថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យមប្រមាណ ៤,១២លីត្រ សម្រាប់ការបើកបរចម្ងាយ១០០គីឡូម៉ែត្រ ធៀបនឹងម៉ូដែលមុនមានកម្រិតស៊ីប្រេង ៤,២លីត្រ។

និយាយពីការសន្សំសំចៃប្រេងនេះ Prius ជំនាន់ថ្មីក៏មានជាប្រភេទ PHEV ថ្មីឈ្មោះថា Prius Prime ដោយក្រុមហ៊ុនមិនបានលម្អិតពីលក្ខណៈបច្ចេកទេសនៃម៉ាស៊ីននោះទេ ប៉ុន្តែបានប្រាប់ថាវាអាចផលិតកម្លាំងបានសរុប ២២០សេះ អាចស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេល ៦,៦វិនាទី ហើយវាអាចើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានឆ្ងាយជាងមុន ៥០% ដោយស៊េរីមុនបើកបរបានចម្ងាយ ៦១គីឡូម៉ែត្រ។

Toyota Prius Prime ជំនាន់ថ្មីក៏មានភាពលេចធ្លោដោយមកជាស្តង់ដារនូវមុខងារ Traffic Jam Assist ហើយវាក៏មានជាផ្ទាំងសូឡារដែលអាចសាកបញ្ចូលអាគុយរថយន្តពេលចតរថយន្តដែលនេះគឺជា Option ដែលត្រូវចំណាយលុយបន្ថែម។

បញ្ជាក់ថាអំពីតម្លៃលក់ និងកាលបរិច្ឆេទនៃការចេញលក់នឹងត្រូវប្រកាសចេញនៅអំឡុងចុងឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម