
នាពេលអនាគត ក្រុមហ៊ុន Toyota ក៏មានបំណងចង់ផលិតរថយន្តនៅកម្ពុជាផងដែរ ខណៈដែលរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ទទួលបានការពេញនិយមខ្លាំងនៅក្នុងប្រទេស។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោក Tschiya Kensuke អគ្គនាយកនៃក្រុមហ៊ុនរោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា Toyota Tsusho Manufacturing Cambodia បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចនូវការដំឡើងរថយន្តរួចមកហើយ ជំហានបន្ទាប់ គឺនឹងបង្កើនចំនួនដំឡើងរថយន្ត និងបន្ថែមម៉ូឌែល ហើយបន្តមកទៀតនឹងឈានដល់ការផលិត និងនាំចេញតែម្តង ប៉ុន្តែលុះត្រាតែមានការគាំទ្រ និងកិច្ចសហការបន្ថែមពីរាជរដ្ឋាភិបាល និងមានសន្ទុះតម្រូវការច្រើនខ្លាំង។
សូមជម្រាបថា រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia ត្រូវបានសម្ពោធជាផ្លូវការ កាលពីខែឧសភា ឆ្នាំ២០២៤ ដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ រោងចក្រនេះ បាននឹងកំពុងដំឡើងរថយន្ត ២ម៉ូឌែល គឺ Fortuner ដែលជាប្រភេទ SUV និង Hilux ដែលជាប្រភេទភីកអាប់។

បើតាមលោកអគ្គនាយក ក៏បានឲ្យដឹងដែរថា រថយន្តដែលដំឡើងក្នុងស្រុកនេះ មានតម្លៃធូរជាងមុនមួយកម្រិត និងបានធ្វើឲ្យចំនួនលក់កើនឡើងផងដែរ។ គិតមកដល់ពេលនេះ Toyota បានដំឡើងរថយន្តនៅកម្ពុជា បានប្រមាណ ៣ពាន់គ្រឿងហើយ៕





















