Toyota មិនធ្វើឲ្យ Corolla ហួសសម័យទេ គឺត្រៀមបញ្ចេញវាជាប្រភេទរថយន្តអគ្គិសនី​

ក្រុមហ៊ុន Toyota បានបញ្ចេញ concept រថយន្តអគ្គិសនីថ្មី​របស់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នោះគឺ Corolla ដែលជាម៉ូឌែលចាស់វស្សានិងលក់ដាច់បំផុតមួយ ហើយ​កាន់តែគួរចាប់អារម្មណ៍​ខ្លាំងថែមទៀតនោះ គឺរូបរាងរបស់វាថ្មីទាំងស្រុងតែម្តង។ ម៉ូឌែលរថយន្ត Concept នេះ ត្រូវបានរំលេចឡើងតាមរយៈវីដេអូយុទ្ធនាការ “To You Toyota” ដែលបង្ហាញថារថយន្ត Corolla ជំនាន់ថ្មី គឺជាប្រភេទសាកភ្លើង និងមានការឌីហ្សាញខុសគ្នាដាច់ពី Corolla ជំនាន់ទី១២។

ការរចនាផ្នែកខាងមុខ គឺយកតាមរូបរាងក្បាលត្រីឆ្លាម១ប្រភេទហៅថា ‘Hammerhead’ ដែលជាភាសាឌីហ្សាញមួយ និងមាន​ចង្កៀង LED ជាបន្ទាត់ផ្តេកកាត់ផ្ទៃខាងមុខ។ យ៉ាងណាមិញ គេមិនឃើញមានប៉ាណានោះទេ ដោយមានតែរន្ធខ្យល់តូចមួយនៅខាងក្រោមកាង។ នៅចំហៀងឆ្វេង គឺឃើញមានរន្ធសាកភ្លើង និងដៃទ្វារជាប្រភេទធម្មតា មិនលឹបចូលដូចរថយន្តបច្ចុប្បន្នមួយចំនួនទេ។ ចំណែកផ្នែកខាងក្រោយ​ក៏ជាប្រភេទចង្កៀង LED រាងជាបន្ទាត់ផ្តេកកាត់ផ្ទៃខាងក្រោយផងដែរ ជាពិសេសគឺរំលេចឡើងដោយឡូហ្គូ Corolla យ៉ាងច្បាស់​នៅចំកណ្តាល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ Toyota បានត្រឹមតែបញ្ចេញរូបរាង Corolla នេះតែប៉ុណ្ណោះ មិនបានបញ្ជាក់លម្អិតអ្វីឡើយ អំពីការឌីហ្សាញផ្នែកកាប៊ីន ទំហំអាគុយ កម្លាំងម៉ូទ័រ មុខងារ ប្រព័ន្ធសុវត្ថិភាព និង​ពេលវេលានៃការបញ្ចេញលក់ជាផ្លូវការ។ គេរំពឹងថា Toyota អាចនឹងបញ្ចេញ Concept រថយន្ត Corolla អគ្គិសនីនេះក្នុងពិព័រណ៌ Japan Mobility Show 2025 ដែលនឹងធ្វើឡើងចាប់ពីចុងខែតុលាខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម