ក្រុមហ៊ុន Toyota បានចេញលក់រថយន្ត GR Yaris ជាផ្លូវការ នៅក្នុងប្រទេសម៉ិចស៊ីកូ ដោយចាប់ផ្តើមជាមួយនឹងចំនួន ៣០០គ្រឿង ហើយបានលក់ដាច់អស់គ្មានសល់តែម្តង ក្នុងរយៈពេលត្រឹម ២៤ម៉ោង។
រថយន្ត Toyota GR Yaris ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លស ៦៩៩ ៩០០ប៉េសូ ឬប្រហែល ៣៥ ១៣០ដុល្លារ នៅលើទីផ្សារប្រទេសម៉ិចស៊ីកូ។ នេះបើយោងតាមក្រុមហ៊ុន Motor Pasion Mexico។
គួរឲ្យដឹងដែរថា រថយន្ត Toyota GR Yaris មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ turbocharged ទំហំ ៣ ស៊ីឡាំង មានកម្លាំង ២៦៨ សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងប្រព័ន្ធប៉ុងពីរ AWD។
មិនតែប៉ុណ្ណោះ Toyota GR Yaris គឺជារថយន្តដែលបានឆ្លងកាត់ការធ្វើតេស្ត Km77 យ៉ាងជោគជ័យ។ តាមធម្មតា Km77 តែងធ្វើតេស្តរថយន្តនៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែសម្រាប់រថយន្ត Toyota GR Yaris នេះវិញ អាចឆ្លងផុតការធ្វើតេស្ត Moost Test យ៉ាងជោគជ័យ នៅល្បឿនដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលើសពីល្បឿនដែលគេតម្រូវទៅទៀត។ នេះបង្ហាញឲ្យឃើញថា រថយន្ត GR Yaris ដ៏តូចច្រឡឹងនេះ ពិតជាមានសមត្ថភាពអស្ចារ្យមែន៕