ក្រុមហ៊ុន Toyota បន្តកាន់កាប់តំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេ ជាមួយកំណត់ត្រាថ្មីដែលអាចលក់ចេញបានរហូតដល់ ៥,៤៧លានគ្រឿង នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ដែលអាចវ៉ាដាច់គូប្រជែង Volkswagen ទាំងស្រុងតែម្ដង។
ចំនួនលក់របស់ Toyota មានការកើនឡើង ៣១,៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០ ហើយមានកំណើន ៤,៥% បើធៀបនឹងឆ្នាំ២០១៩។ ដោយឡែកក្រុមហ៊ុន Volkswagen អាចលក់រថយន្តបាន ៤,៩លានគ្រឿង ដែលមានកំណើន ២៧,៩%។
តម្រូវការខ្ពស់ចំពោះរថយន្តម៉ូដែលថ្មីៗនៅអាមេរិកខាងជើង និងនៅប្រទេសចិន នៅក្នុងរយៈពេល៦ខែកន្លងទៅនេះ បានជួយឲ្យចំនួនលក់នៅលើទីផ្សារបរទេសរបស់ Toyota មានរហូតដល់ ៤,៣លានគ្រឿង ដែលកើនឡើង ៣៦,៥% បើធៀបនឹងឆ្នាំ២០២០។
នៅអាមេរិកខាងជើង រថយន្ត Toyota ដែលលក់ចេញបានច្រើនជាងគេគឺពពួករថយន្តភីកអាប់ ប៉ុន្តែក៏មានការចូលរួមចំណែកពីរថយន្ត Highlander និងរថយន្ត Hybrid ដូចជាម៉ូដែល Venza រួមទាំងរថយន្ត Sedan ដែលលក់ដាច់ម៉ូដែល Camry ផងដែរ។
ចំណែកនៅប្រទេសចិនវិញ រថយន្តដែលពេញនិយមបំផុតគឺម៉ូដែល Corolla, Levin, Camry, Avalon រួមទាំងរថយន្តប្រណីតរបស់ Lexus ផងដែរ។
នៅជប៉ុនឯណោះវិញ ក្រុមហ៊ុនអាចលក់ចេញរថយន្តបាន ១,១៧លានគ្រឿង ដែលកើនឡើង១៥% ហើយរថយន្តដែលពេញនិយមគឺពពួករថយន្តម៉ូដែល Harrier និងរថយន្ត Yaris រួមទាំងរថយន្តខ្នាតតូចដទៃទៀតផងដែរ៕