[ទីផ្សារបរទេស] Toyota Prius បានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងជាមួយម៉ូដែលឆ្នាំ២០២៣ ដែលមានភាពទាក់ទាញខ្លាំង និងមានការផ្លាស់ប្ដូរច្រើនចំណុចដែលប្រសើរជាងមុន។
យ៉ាងណាក្ដី Toyota រំពឹងថាលក់រថយន្តនេះបានត្រឹម ៣,៥ម៉ឺនគ្រឿង ប៉ុណ្ណោះសម្រាប់ម៉ូដែលឆ្នាំ២០២៣ លើទីផ្សារសហរដ្ឋអាមេរិក។ នេះបើតាមការលើកឡើងរបស់អនុប្រធានផ្នែកទីផ្សាររបស់ Toyota ប្រចាំសហរដ្ឋអាមេរិក ឈ្មោះ Lisa Materazzo។
ចំនួនលក់ដែលរំពឹងទុកនេះគឺកើនឡើងប៉ុន្មានពាន់គ្រឿងប៉ុណ្ណោះបើធៀបនឹងម៉ូដែលឆ្នាំ២០២១ ដែលលក់បាន ៣៣ ៩៦៨គ្រឿង ខណៈដែលរថយន្ត Prius នេះធ្លាប់លក់បានច្រើនបំផុតគឺនៅឆ្នាំ២០១២ និងនៅឆ្នាំ២០១៣ ដែលលក់បានជាង ២៣ម៉ឺនគ្រឿង។
ការរំពឹងទុកទាបសម្រាប់ម៉ូដែលថ្មីដែលផ្លាស់ប្ដូររូបរាងថ្មីនេះក៏ដោយសារ Toyota មើលឃើញពីការឡើងថ្លៃប្រេងឥន្ធនៈ និងអតិផរណាកំពុងស្ថិតនៅកម្រិតខ្ពស់ រួមទាំងការកើតមានវិបត្តិសេដ្ឋកិច្ចដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់ងាកទៅរករថយន្តតម្លៃធូរជាងមុន៕