Toyota ហៅឡាន Prius និង Prius V ចូលរោងចក្រវិញ ព្រោះអាចមានបញ្ហា Hybrid

យោងតាមព័ត៌មានផ្លូវការដែលបានបង្ហោះដោយក្រុមហ៊ុន Toyota កាលពីដើមសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា រថយន្ត Prius ចាប់ពីឆ្នាំ២០១៣ ដល់ ២០១៥ និង Prius V ចាប់ពីឆ្នាំ ២០១៤ ដល់ ២០១៧ អាចជួបបញ្ហាប្រព័ន្ធ Hybrid ដែលត្រូវតែជួសជុល។

Toyota បានពន្យល់ថា “រថយន្តទាំងនោះត្រូវបានឌីហ្សាញឲ្យចូលទៅ Failsafe Driving Mode នៅពេលដែលជួបបញ្ហា Hybrid។ Toyota បានរកឃើញថា នៅក្នុងស្ថានភាពដ៏កម្រមួយ ពួកវានឹងមិនចូលទៅ Failsafe Driving Mode ឡើយ។ ប្រសិនបើវាកើតឡើងបែបនេះ រថយន្តអាចនឹងរលត់ ខណៈដៃចង្កូត និងហ្វ្រាំង អាចនៅដំណើរការ។ ប៉ុន្តែបើរថយន្តរលត់ខណៈកំពុងបើកនៅល្បឿនលឿន អាចនឹងបង្កហានិភ័យនៃគ្រោះថ្នាក់រឹតតែខ្ពស់”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ឲ្យដឹងថា រថយន្ត Prius និង Prius V ក្នុងឆ្នាំទាំងនោះ ត្រូវបានលក់ដាច់រហូតដល់ទៅ ២៦៧ ០០០គ្រឿងនៅសហរដ្ឋអាមេរិក ហើយសរុប ៧៥២ ០០០គ្រឿង នៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម