Toyota អាចជាការ​គំរាមកំហែង​ធំរបស់ Tesla

ក្រោយ​ពី​យ៉ាប់យ៉ឺន​អស់​ត្រូវ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួច​មក​ Tesla ចាប់​ផ្ដើម​ឃើញ​សញ្ញា​វិជ្ជមាន​វិញ។ រថយន្ត Tesla Model 3 របស់​​ក្រុមហ៊ុន​កំពុង​ផលិត​តាម​តម្រូវ, រោងចក្រ​ថ្មី​នៅ​សៀងហៃ​បាន​បើក​ដំណើរ​ការ​ ហើយ​នឹង​មាន​រោងចក្រ​ទីពីរ​ឆាប់ៗ​នៅ​ប្រទេស​អាល្លឺម៉ង់។ បន្ថែម​ពី​នេះ បច្ចុប្បន្ន Tesla គឺ​មាន​តម្លៃ​ទីផ្សារ​ច្រើន​ជាង GM និង Ford រួម​បញ្ចូល​គ្នា​ទៅ​ទៀត។

ជាក់​ស្ដែង​ទៅ​អ្នក​វិភាគ​សហគ្រាស​រថយន្ត និង​សេដ្ឋកិច្ច​ជឿជាក់​ថា Tesla អាច​ជា​ការ​គំរាម​កំហែង​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​នា​ពេល​បច្ចុប្បន្ន។ ទោះ​យ៉ាង​ណា​គេ​នៅ​រង់​ចាំ​មើល​សិន ប៉ុន្តែ​មាន​ក្រុមហ៊ុន​រថយន្ត​មួយ​​ក៏​កំពុង​តែ​ឡើង​កូដ​លើ​ការ​លក់​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ផង​ដែរ នោះ​គឺ Toyota។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួ​លេខ​ដែល​ទស្សនាវដ្ដី Forbes ប្រមូល​បាន បង្ហាញ​ថា​ចំនួន​លក់​រថយន្ត​ប្រភេទ Hybrid របស់ Toyota បាន​កើន​ឡើង ២៨,៧% នៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​ចំនួន​លក់​ Lexus Hybrid គឺ​កើន​ឡើង​ជិត ៤៣,១%។ Toyota លក់​រថយន្ត Hybrid បាន​សរុប ២៧៤ ៥៥០ គ្រឿង​ក្នុង​ឆ្នាំ ២០១៩ លើ​ទីផ្សារ​អាមេរិក។ ធៀប​នឹង Tesla ឯណោះ​​លក់​រថយន្ត​បាន​ប្រហែល ២០ ម៉ឺន​គ្រឿង​កាល​ឆ្នាំ​មុន។

គួរ​ដឹង​ថា​ Toyota មាន​លក់​ប្រភេទ​មិន​មែន​ជា Hybrid សម្រាប់​រថយន្ត​ល្បីៗ​របស់​ខ្លួន ដូច​ជា RAV4 ជា​ដើម។ យ៉ាងណាក្ដី​អតិថិជន​ពេញ​ចិត្ត​នឹង Toyota RAV4 Hybrid ជាង។ មាន​រថយន្ត RAV4 Hybrid ចំនួន ៩២ ៥០០ គ្រឿង លក់​ចេញ​កាល​ពី​ឆ្នាំ ២០១៩ ដែល​កើន​ឡើង ៩២,៣% ធៀប​នឹង​ឆ្នាំ​មុន។

ជា​មួយ​សមិទ្ធផល​នេះ​​គេ​ជឿជាក់​ថា Toyota អាច​ជា​ការ​គំរាម​កំហែង​ខ្លាំង​ក្លា​មួយ​របស់ Tesla លើ​ផ្នែក​រថយន្ត​ដែល​មាន​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី។ ប្រសិន​បើ​ Toyota ​បញ្ចេញ​លក់​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ទៀត​នោះ Tesla អាច​នឹង​រង​ការ​ប្រកួត​ប្រជែង​រឹត​តែ​ខ្លាំង៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម