Toyota bZ4X លក់ចេញបានត្រឹម ២៣២គ្រឿងប៉ុណ្ណោះ គិតត្រឹមខែកញ្ញា

[ទីផ្សារបរទេស] ខណៈដែលរថយន្ត Camry និង RAV4 បន្តលក់ដាច់ឥតឈប់ឈរនោះ រថយន្តអគ្គិសនី​ដំបូងរបស់ Toyota ម៉ូដែល bZ4X បែរជាទទួលបានលទ្ធផលមិនគាប់ប្រសើរប៉ុន្មានឡើយ ដោយកាលពីខែកញ្ញា មិនអាចលក់ចេញបានសូម្បីមួយគ្រឿង។

ផ្អែកតាមតួលេខផ្លូវការបង្ហាញថា Toyota អាចលក់រថយន្ត bZ4X បានចំនួនសូនគ្រឿងកាលពីខែកញ្ញា ជាមួយចំនួនលក់សរុបគិតត្រឹមខែកញ្ញាមាន ២៣២គ្រឿង នៅឯទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីនេះ ជារថយន្តដំបូងនៃសែស្រឡាយរថយន្ត ‘Beyond Zero’ របស់ Toyota និងជាផ្នែកមួយនៃរថយន្តអគ្គិសនីទាំង៣០គ្រឿងដែល Toyota គ្រោងប្រកាសចេញត្រឹមឆ្នាំ២០៣០។

កាលពីពេលកន្លងទៅ រថយន្តនេះបានជួបប្រទះបញ្ហាដែលអាចរបូតកង់ក្រោមការជាន់ហ្វ្រាំងខ្លាំង ដែលបង្ខំឲ្យ Toyota ត្រូវហៅរថយន្តត្រឡប់មកវិញ និងបញ្ឈប់ការផលិតអស់រយៈពេលបីខែ ដោយការផលិតទើបចាប់ផ្ដើមឡើងវិញកាលពីដើមខែនេះប៉ុណ្ណោះ ក្រោយ Toyota អាចស្វែងរកដំណោះស្រាយបាន។

ទោះយ៉ាងណា bZ4X ត្រូវបានមើលឃើញថាជាគូប្រជែងដ៏លេចធ្លោមួយក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើនខ្លាំង។ រថយន្តនេះប្រើម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២០១សេះ និងផ្ដល់ចម្ងាយបើកបរបាន ៤០៥គ.ម ជាមួយតម្លៃ ៤២ ០០០ដុល្លារ នៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម