
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារអាមេរិកខាងជើង បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Toyota bZ ស៊េរីឆ្នាំ ២០២៦ ដែលបានប្តូរឈ្មោះពីម៉ូដែល bZ4x ព្រមទាំងទទួលបានការធ្វើឲ្យប្រសើរឡើងជាច្រើនផ្នែក គ្រោងនឹងចេញលក់នៅចុងឆ្នាំនេះ ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។
Toyota bZ ថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA platform ទាំងម៉ូដែលប្រើម៉ូទ័រអគ្គីសនី ១ និងម៉ូទ័រអគ្គិសនីចំនួន ២ ទទួលបានជម្រើសកញ្ចប់អាគុយថ្មី ទំហំ ៧៤,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយឆ្ងាយជាងមុនដល់ទៅ ២៥% ពោលគឺសាកថ្មពេញម្តង អាចបើកបរបាន ៥០៥ គីឡូម៉ែត្រ ខណៈម៉ូដែលមុនបើកបានចម្ងាយ ៤០៥ គីឡូម៉ែត្រប៉ុណ្ណោះ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ១០-៨០% ប្រើរយៈពេល ៣០នាទីប៉ុណ្ណោះ ។ លើសពីនេះ ក៏ទទួលបានរបៀបបើកបរ X-Mode សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីចំនួន ២ ផងដែរ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅក៏ទទួលបានការឌីស្សាញថ្ម ដោយម៉ូដែលថ្មីនេះ មានអំពូលបំភ្លឺផ្លូវ LED មុខងារទម្លើង-ទម្លាក់អូតូ ដាច់ចេញពីអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ដល់ ២០អ៉ីញ និងចង្កៀងក្រោយ LED រក្សាការឌីស្សាញដដែល ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ថ្មីទំហំធំជាងមុនគឺ ១៤ អ៉ីញ ព្រមទាំងមានកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ក៏ដូចជា៎ឧបករណ៍បំពងសំលេងម៉ាក JBL រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែល ៕