Toyota bZ7 ជារថយន្ដដំបូងបំពាក់មកជាមួយប្រព័ន្ធបញ្ជាឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា GAC-Toyota បានចេញផ្សាយរូបភាពផ្លូវការនៃរថយន្ត sedan ប្រើអគ្គិសនីសុទ្ធ ម៉ូឌែលថ្មីរបស់ខ្លួន bZ7 ដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ រថយន្តនេះនឹងបំពាក់ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei។ រថយន្ដម៉ូឌែលថ្មីនេះនឹងក្លាយជារថយន្តដំបូងគេដែលត្រូវបានបំពាក់ជាមួយប្រព័ន្ធបញ្ជាឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi ផងដែរ។

កាលពីខែមិថុនានេះ ក្រុមហ៊ុន GAC-Toyota បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Huawei, Momenta និង Xiaomi។ រថយន្ត bZ7 នឹងក្លាយជារថយន្តដំបូងគេដែលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធបញ្ជាឆ្លាតវៃ (Human x Car x Home) របស់ក្រុមហ៊ុន Xiaomi។ អតិថិជននឹងអាចបញ្ជាបើកម៉ាសុីននៅផ្ទះពីចម្ងាយ តាមរយៈការប្រើប្រាស់អេក្រង់បញ្ជាក្នុងរថយន្តបាន។

រថយន្ដនេះបំពាក់មកជាមួយ ម៉ូទ័រអគ្គិសនីដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Huawei អាចផលិតកម្លាំងអតិបរមាបាន ២០៧ គីឡូវ៉ាត់ (២៧៨ សេះ) និងអាចបើកបរល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រ/ម៉ោង ភ្ជាប់ជាមួយអាគុយ lithium iron phosphate ពីក្រុមហ៊ុន CALB-Tech។ ចំណែកសមត្ថភាពអាគុយជាក់លាក់ និងព័ត៌មានអំពីចម្ងាយបើកបរមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

នៅខាងក្នុងកាប៊ីនរថយន្ត មានចង្កូតបីកំណាត់ ផ្ទាំងកុងទ័ររាងចតុកោណកែង ប្រព័ន្ធកុងត្រូលអេក្រង់កណ្តាល ភ្លើងបំភ្លឺជុំវិញ (ambient lighting) និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ។ ព័ត៌មានលម្អិតអំពីទំហំអេក្រង់ និងលក្ខណៈពិសេសផ្សេងៗនៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម