
ក្រុមហ៊ុន GAC-Toyota បានបញ្ចេញផ្លូវការរថយន្ត bZ7 ក្នុងពិព័រណ៌ Guangzhou Auto 2025។ ដូចនឹង bZ3X ដែរ រថយន្ត bZ7 គឺជាម៉ូឌែលទី២ ដែលអភិវឌ្ឍដោយក្រុមវិស្វកម្មរបស់ Toyota ក្នុងប្រទេសចិន ដែលជាយុទ្ធសាស្រ្តជំរុញរថយន្តថាមពល ក្នុងទីផ្សារចិន។

អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ bZ7 នេះ គឺវាបំពាក់ប្រព័ន្ធ HarmonyOS cockpit និង ម៉ូទ័ររបស់ Huawei ជាពិសេសមកជាមួយប្រព័ន្ធជំនួយបើកបរ LiDAR ដែលដាក់នៅដំបូលខាងមុខ។ រថយន្តនេះ ត្រូវបានដាក់មុខងារ Facial Recognition, អេក្រង់ Head up display និងមាន Speaker ច្រើនក្នុងកាប៊ីន។
ការឌីហ្សាញផ្នែកខាងមុខរបស់ bZ7 យកលំនាំតាម bZ3X គ្រាន់តែជាប្រភេទផ្សេងគ្នា។ ទំហំរបស់ bZ7 រួមមាន បណ្តោយ ៥១៣០មម, ទទឹង ១៩៦៥មម កម្ពស់ ១៥០៦មម និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣០២០មម។

រថយន្តនេះ ដំណើរការដោយប្រព័ន្ធបើកបរអគ្គិសនី DriveONE របស់ Huawei មានកម្លាំងសរុប ២៧៨សេះ។ វាបំពាក់អាគុយលីចូមផូស្វាតរបស់ CALB ដែលមានជម្រើស ៨៨,១៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានដល់ចម្ងាយ ៧០០គីឡូម៉ែត្រ និង ៧១,៣៥គីឡូវ៉ាត់ម៉ោង អាចបើកបានដល់ចម្ងាយ ៦០០គីឡូម៉ែត្រ៕



















